ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាកំប្លែងជើងចាស់ឈ្មោះ អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម មានទុក្ខជាទម្ងន់ ដោយសារអ្នកម្តាយជាទីស្រលាញ់ និងគោរព របស់លោកបានស្លាប់បាត់បង់ជីវិតហើយ នៅជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ ស្ថិតនៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរមហាជនជាច្រើន ចូលរួមរំលែកទុក្ខផងដែរ នៅលើបណ្ដាញសង្គម។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ក្ដុកក្ដួលនោះ គឺដោយសារក្ដីអាណិតចំពោះ នាយ ក្រឹម ដែលមិនអាចបានទៅចូលរួមពិធីបុណ្យសព និងគោរពក្រាបសំពះអ្នកម្ដាយរបស់លោកជាលើកចុងក្រោយបាន ត្រឹមតែអង្គុយមើលរូបម្តាយតាមទូរស័ព្ទ និងបង្ហូរទឹកភ្នែក ពេលគ្រូពេទ្យបានបញ្ជូនសពម្តាយរបស់គាត់ ដាក់ចូលកន្លែងរក្សាទុកតាមបច្ចេកវិទ្យាពេទ្យនៅឯសហរដ្ឋអាមេរិក។
តាមរយៈគណនី Om Nimoun បានបង្ហោះជាមួយរូបរបស់នាយ ក្រឹម និងសរសេររៀបរាប់ឲ្យដឹងថា៖ ‹‹អ្វីដែលខ្ញុំអាចជួយគាត់បាន គឺបានត្រឹមជូនក្រដាសជូតទឹកភ្នែកឲ្យគាត់នៅពេលដែលគាត់មើលរូបម្តាយគាត់តាមទូរស័ព្ទរបស់បងប្អូន ពេលដែលពេទ្យបញ្ជូនសពម្តាយដាក់់ចូលកន្លែងរក្សាទុកតាមបច្ចេកវិទ្យាពេទ្យនៅឯក្រៅប្រទេស។ អារម្មណ៍ដែលពិបាកទទួលយកបាន››។
សូមចូលរួមការសោកស្ដាយចំពោះក្រុមគ្រួសាររបស់នាយ ក្រឹម ផង៕ ប្រភព៖ ហ្វេសប៊ុក