ចិន៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ នៅក្នុងខេត្ត Zhejiang ប្រទេសចិន ត្រូវបានក្រុមគ្រួសាររបស់នាង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីនាងបានរងការឈឺចាប់នៅក្នុងក្រពះ លំបាកក្នុងការញ៉ាំអាហារ និងការបន្ទោរបង់ ។ ក្រោយពីបានធ្វើការស្កេនពោះរបស់នាងរួចមក វេជ្ជបណ្ឌិតបានរកឃើញថា នៅក្នុង ក្រពះ ពោះវៀន និងទ្វាធំរបស់នាង ត្រូវបានតម្រៀបដោយ ‹‹គ្រាប់តែគុជ›› មិនបានរំលាយ ហើយនៅផ្តុំគ្នាគួរឱ្យរន្ធត់ ។
បើយោងតាមសារព័ត៌មាន Sin Chew បានប្រាប់ឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិត មានការតក់ស្លុតយ៉ាងខ្លាំងក្រោយពីបានពិនិត្យបែបនេះ ពួកគេបានសួរនាំក្មេងស្រី អំពីការញ៉ាំតែគុជទាំងនេះ។ នាងបានឆ្លើយប្រាប់ឱ្យដឹងថា នាងបានញ៉ាំតែគុជ លើកចុងក្រោយចាប់តាំងពី ៥ថ្ងៃមុនមកម៉្លេះ ។
បើតាមការបញ្ជាក់ប្រាប់របស់ វេជ្ជបណ្ឌិតឈ្មោះ Zhang បានឱ្យដឹងថា ចំនួនគ្រាប់តែគុជនៅក្នុងក្រពះរបស់នាង មិនមែនញ៉ាំត្រឹមតែមួយថ្ងៃនោះទេ នេះមានន័យថា ក្មេងស្រីនេះប្រហែលជានិយាយកុហក ដើម្បីលាក់បាំងទម្លាប់ទទួលទានតែគុជរបស់នាង ពីឪពុកម្តាយ ហើយលោកសន្និដ្ឋានថានាងប្រហែលញ៉ាំពួកវាជាប្រចាំ ។ ក្រោយពី ពិនិត្យរួចរាល់ នាងត្រូវបានគ្រូពេទ្យផ្តល់ថ្នាំបញ្ចុះលាមក ដើម្បីបញ្ជូនគ្រាប់តែគុជ កំពុងជាប់នៅក្នុងខ្លួនរបស់នាងចេញតាមលាមក ។
បើតាមសំដីរបស់លោក He Yuling ជានាយកនៃមន្ទីរពេទ្យប្រជាជនក្រុង Zhuji បានឱ្យដឹងថា គ្រាប់តែគុជ ត្រូវបានផលិតឡើងពីម្សៅ tapioca វាមិនងាយរំលាយនោះទេ លើសពីនេះទៀត អ្នកលក់ខ្លះមានបន្ថែមធាតុម្សៅផ្សេងទៀតដើម្បីឱ្យវាកាន់តែមានពណ៌ក្រម៉ៅ និងកាន់តែក្រាស់ថែមទៀត ប៉ុន្តែនេះអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ មានបញ្ហាកាន់តែធ្ងន់ ប្រសិនបើវាត្រូវបានញ៉ាំចូលក្នុងក្រពះច្រើនហួសប្រមាណ ៕ ប្រភព៖ worldofbuzz