ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បើយោងតាម មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ និងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃនេះ ដោយសារតែ ជនជាតិអាមេរិកកាំងរូបនេះ
បានលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់ចំនួន ៦៦គ្រាប់ ហើយត្រូវបានកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកក៏បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះមានឈ្មោះថា ABOU RAMAN អាយុ ៣០ឆ្នាំ ក្នុងនោះក៏បានដកហូតបានអាវុធខ្លីប្រភេទទំនើបម៉ាក Glock ចំនួន ៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់ផងដែរ។ បច្ចុប្បន្ន ក្រោយបានកសាងសំណុំរឿងរួចរាល់ហើយ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕