ភ្នំពេញ៖ កាលពីវេលាម៉ោង ៦ៈ៣០នាទីព្រលប់ ក្នុងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នារីរូបស្រស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីដកកាំភ្លើងខ្លី តាមបាញ់លោកសង្ឃដល់កុដិ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចកុដិលេខ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីចិត្តស្លុយម្នាក់នេះ មានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយកាំភ្លើងខ្លី ដែលនាងប្រើបាញ់នោះ គឺជាអាវុធខ្លីម៉ាក ZORAKI M906 លេខ០០០១២៦។
រីឯជនរងគ្រោះវិញ ឈ្មោះសឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាព្រះសង្ឃ គង់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីបង្កបានធ្វើដំណើរទៅកុដិកើតហេតុខាងលើ ដើម្បីជួបជនរងគ្រោះ ពាក់ព័ន្ធនឹងរឿងស្រោចទឹកហើយធ្វើឲ្យយីអ៊ុនដាក់ រកស៊ីមិនឡើង និងដេកមិនលក់ ដោយមានអារម្មណ៍ដូចជាត្រូវអំពើអីចឹង ដែលការស្រោចទឹកនេះគឺតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧ម៉្លេះ នារីជាជនបង្កក៏ខឹង ហើយដកកាំភ្លើងខ្លីបាញ់ ២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅក្បែរនោះ បន្ទាប់មកក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនបង្កតែម្តង។ ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ ក៏មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីឡើយ ។
នារីបង្កហេតុ បានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានបាញ់មែន ហើយអាវុធខ្លីខាងលើនេះ ខ្លួនបានទិញនៅប្រទេសថៃ ក្នុងតម្លៃ ១៥០០ដុល្លារ (មួយពាន់ ប្រាំរយដុល្លារ) កាលពីដើមខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះដែរ ។ ទោះយ៉ាងណា ពេលនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាផ្លូវច្បាប់បន្តទៀត៕