ភ្នំពេញ៖ វេលាម៉ោងប្រមាណ ៤ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ទាំងយប់ចុះឆែកឆេរក្លឹបកម្សាន្ត ‹‹លុច្សសារី›› រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយពីធ្វើការឆែកឆេរ កម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកចូលលេងប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំងជាង៤០០នាក់ មានស្រី១៨៧នាក់ ក្នុងនោះមានខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និងវៀតណាម ដែលភាគច្រើនជាយុវជន យុវតី។
ក្លឹបកម្សាន្ត ‹‹លុច្សសារី›› ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើន ដែលត្រូវបានបិទ នៅក្នុងរាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨ មកនេះ។
គួរឱ្យដឹងដែរថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត ‹‹លុច្សសារី›› បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ ៕