ខេត្តកំពង់ស្ពឺ៖ បើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា ជាបឋមគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះកាលពីល្ងាចមិញនេះ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ (ស្រីម្នាក់) និងរងរបួស ៤នាក់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
បើតាមការបញ្ជាក់បី លោកឧត្តមសេនីយ៍ស្នងការ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មុនកើតហេតុគេឃើញរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ ទៅ ព្រះសីហនុ) បានវ៉ាជែង ស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត បណ្តាលឲ្យផ្ទុះឆេះតែម្តង។
ក្នុងនោះដែរ លោកស្នងការបានបន្ថែមថា ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។
ក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១១នាក់ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា មន្ត្រីគយទាំង៣នាក់រួមមាន៖
- ទី១-ឈ្មោះ ជន់ ច័ន្ទរិទ្ធ
- ទី២-ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ
- ទី៣. ឈ្មោះ ហេង មករា។
ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្ត HIGHLANDER ហើយពេលនេះ សាកសពមន្ត្រីគយជាជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។
សូមបញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ៕



វីដេអូ៖
https://www.facebook.com/SakarachTV/videos/2101156300010841/
https://www.facebook.com/SakarachTV/videos/2318125168454331/