ភ្នំពេញ៖ ខណៈរដូវវស្សាបានឈានចូលមកដល់នោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លងចំនួន៧មុខ ដែលតែងតែកើតឡើងជាញឹកញាប់នៅក្នុងរដូវភ្លៀង។
យោងតាម ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ជំងឺទាំង ៧មុខ ដែលតែងតែកើតឡើងញឹកញាប់នៅរដូវភ្លៀងនេះរួមមាន៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺអាសន្នរោគ និង ជំងឺលិបតូ (ដែលឆ្លងពីទឹកនោមសត្វកណ្តុរ ធ្វើឲ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម)។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវរត្រៀមអាវភ្លៀងឆ័ត្រ និងស្បែកជើងលុយទឹក ហើយងូតទឹកក្រោយពីត្រូវទឹកភ្លៀង ផឹកទឹកក្តៅអ៊ុនៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគអាហារដែលមានអនាម័យ និងមានជីវជាតិដូចជា វីតាមីនសេ រួមមាន៖ ល្ហុងទុំ ផ្លែត្របែក ក្រូចពោធិ៍សាត់ ចេកទុំ និងបន្លែពណ៌បៃតងចាស់ ដូចជា ផ្ទី ស្លឹកបាស ស្លឹកងប់ សណ្ដែកកួរ ខាត់ណា និងប៉េងប៉ោះជាដើម។
លោកក៏បានបន្ថែមទៀតថា ចំពោះអ្នកជំងឺផ្តាសាយធំ ត្រូវពាក់ម៉ាស់ រុំក្រម៉ា ឬខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ បរិភោគទឹកយ៉ាងតិច ២លីត្រ ក្នុង១ថ្ងៃ ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកឡើយ និងត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ និងទឹក ដើម្បីជៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ អ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបានតាមរយៈការចាប់ដៃ ឬចាប់របស់ផ្សេងៗទៀត ជាងនេះទៅទៀត ត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លា ដូចជា សំបកកង់ឡាន សំបកកង់ ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបានដើម្បីការពារកុមារពីជំងឺគ្រុនឈាម។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់មានប្រសាសន៍ថា នៅក្នុងរដូវវស្សាក្រសួងតែងតែជំរុញឲ្យមន្ត្រីពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺតម្កាត់ផ្សេងៗ ។លោកក៏បានណែនាំថា ក្នុងករណីមានបញ្ហាសុខភាពដូចជា គ្រុនក្ដៅដោយមានកម្ដៅលើសពី៣៨អង្សារ ក្អកស្ងួត ឈឺក ត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ផឹកទឹកឲ្យបានច្រើន និងកាត់បន្ថយការហាត់ប្រាណ ហើយក្នុងករណីប្រើថ្នាំបញ្ចុះកម្ដៅហើយ នៅតែមិនបានធូរស្បើយទៀត ត្រូវរួសរាន់ទៅរកការពិគ្រោះ និងព្យាបាលជំងឺជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការព្យាបាលជំងឺឲ្យបានទាន់ពេលវេលា៕