ឥណ្ឌូនេស៊ី៖ ស្ត្រីអ្នកបំរើម្នាក់ឈ្មោះថា Sri Rabitah ជាជនជាតិឥណ្ឌូនេស៊ី រស់នៅក្នុងខេត្ត Lombok ប្រាប់ឱ្យដឹងថា នាងទើបតែដឹងថា ក្រលៀនខាងស្តាំរបស់នាងត្រូវបានបាត់ នៅសល់តែខាងឆ្វេងម្ខាងតែប៉ុណ្ណោះ បន្ទាប់ពីថៅកែរបស់នាង បានបណ្តេញនាងឱ្យឈប់ពីការងារ ដោយនិយាយថាមកពីនាងពូកែឈឺពេក។ នាងបានចោទប្រកាន់ថៅកែរបស់ខ្លួន ថាជាអ្នកដែលបានលួចក្រលៀនរបស់នាង ទាំងដែលនាងមិនបានដឹងខ្លួនទាល់សោះ ខណៈនាងបានធ្វើចំណាកស្រុក ទៅធ្វើការជាអ្នកបំរើតាមផ្ទះនៅទីក្រុង Doha ប្រទេសកាតា ។
ស្ត្រីអ្នកបំរើរូបនេះ បានប្រាប់ពីរឿងរ៉ាវរបស់នាងថា វាបានចាប់ផ្តើមកើតឡើង នៅពេលដែលនាងបានដាក់ពាក្យសុំធ្វើការក្រៅប្រទេស ហើយភ្នាក់ងាររកការងារ បានប្រាប់នាងថា នាងនឹងទៅធ្វើការជាអ្នកបំរើអោយគ្រួសារមួយនៅទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម ប៉ុន្តែបែរជាអោយនាងទៅធ្វើការនៅប្រទេសកាតាជំនួសវិញ ដោយត្រូវបំរើនៅផ្ទះគ្រួសារប៉ាឡេស្ទីន ។ នៅពេលនាងទៅដល់ប្រទេសកាតាភ្លាម
ពួកគេបាននាំនាងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ក្រែងមានជំងឺឆ្លង ។ នៅឯគ្លីនិច គ្រូពេទ្យបានចាក់ថ្នាំអោយនាងគេងលក់ ដោយប្រាប់ថានាងមើលទៅដូចជាខ្សោយខ្លាំងណាស់ ។ បន្ទាប់មកទៀត នាងមិនដឹងថាមានអ្វីបានកើតលឡើយ តែពេលនាងភ្ញាក់ឡើង នាងបានឃើញនៅម្ដុំចង្កេះខាងក្រោយរបស់នាងមានស្នាមរបួស ហើយទឹកនោមរបស់នាងថែមទាំងមានឈាមទៀតផងដែរ ធ្វើឱ្យនាងឈឺរយៈពេលជាច្រើនថ្ងៃ
ប៉ុន្តែថៅកែរូបនោះ មិនបានប្រាប់ថាមានរឿងអ្វីកើតឡើងចំពោះនាងឡើយ ។ ជាច្រើនថ្ងៃក្រោយមក ថៅកែរបស់នាង បាននាំនាងទៅទីស្នាក់ស្វែងរកការងារ ដោយសុំប្តូរអ្នកបំរើថ្មីម្នាក់ទៀត មូលហេតុមកពីនាងមានសុខភាពមិនល្អនោះទេ ។
Rabitah ក៏ត្រូវបានភ្នាក់ងារបញ្ជូនទៅធ្វើការនៅផ្ទះមួយទៀត ប៉ុន្តែនាងនៅតែឈឺ មិនអាចធ្វើការបានដដែល ទីបំផុតនាងត្រូវបានបញ្ជូនឱ្យត្រឡប់មកឥណ្ឌូនេស៊ី វិញ ។ មកដល់ប្រទេសកំណើតវិញ នាងចេះតែមានអារម្មណ៍ថាឈឺចាប់ត្រង់ផ្នែកស្តាំ ដូច្នេះនាងក៏បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ លទ្ធផលបញ្ជាក់ថា
នាងឈឺរុំារ៉ៃនៅត្រង់ផ្នែកខាងស្តាំនេះ ក៏ព្រោះតែក្រលៀនខាងស្តាំរបស់នាងត្រូវបានគេវះចេញ ហើយបានដាក់អ្វីម្យ៉ាងមានលក្ខណៈដូចជាបំពង់ជំនួសវិញ ។ ក្រោយពេលពិនិត្យឃើញបែបនេះ Rabitah ត្រូវធ្វើការវះកាត់ជាថ្មីម្តងទៀត ដើម្បីយកបំពង់នោះចេញ ។
សូមបញ្ជាក់ថានេះ ជាករណីកើតឡើងកាលពីរឆ្នាំមុន ប៉ុន្តែវាជាសារដាស់តឿនបងប្អូនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖