ភ្នំពញ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់ប្លង់សេ នៅក្នុងការដ្ឋានសំណង់ គ្លីនិកអង្គការរ៉ាក់មួយកន្លែង បណ្តាលឲ្យមេជាងម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវសាលាដែក ក្នុងក្រុម១ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បើយោងតាមស្ត្រីឈ្មោះ ឆែម រ័ត្ន អាយុ២៤ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះដែលបានស្លាប់ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានឡើងទៅលើអាគារផ្ទះជាន់ទី២ ដើម្បីទាញខ្សែទុយោទឹកប្រយោលគ្រោងទុករៀបឥដ្ឋ និងបូក ខណៈកំពុងតែធ្វើការសុខៗ ស្រាប់តែបាក់ដួលរលំសំយ៉ាបបេតុងមួយផ្ទាំងធំនៅជាន់ទី៣ ដែលទើបតែដោះជន្ទុលចេញ កាលពីម្សិលមិញប៉ុណ្ណោះ បណ្ដាលឲ្យធ្លាក់មកសង្កត់តែម្ដង។
ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ រ៉ន សុខុម មានអាយុ២៩ឆ្នាំ ស្នាក់នៅទីតាំងកន្លែងកើត ហេតុ និងមានប្រពន្ធឈ្មោះឆែម ស្រីរដ្ឋ អាយុ២៤ អ្នកទាំងពីរមានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពុងធំ និងមានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យវាយតម្លៃតាមជំនាញ និងប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕