ភ្នំពេញ៖ ក្រោយការបង្ក្រាបគ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំ នៅក្លឹប ‹‹លុច្សសារី›› កាលពីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រួចមក ពេលនេះបានបញ្ចប់ការសួរនាំ និងធ្វើតេស្ដហើយ ដែលចំណាយអស់រយៈពេល ២ថ្ងៃ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ អ្នកមានសារធាតុញៀនក្នុងខ្លួនចំនួន ៩៣នាក់ ក្នុងចំណោមមនុស្សទាំងអស់ ៤០៨នាក់ ដែលត្រូវបានឃាត់ខ្លួនថ្ងៃចុះបង្ក្រាប។
តាមការបញ្ចជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា អ្នកមានសារធាតុញៀនទាំងអស់មាន ៩៣នាក់ ក្នុងនោះមានស្រី២៤នាក់ ជាជនបរទេស ៣១នាក់ (វៀតណាម ១៤នាក់ ចិន១៤នាក់ សឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ ) ។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ក្នុងចំណោមមនុស្សទាំង ៤០៨នាក់ មាន១៧នាក់ សម្រេចចាប់បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងការសម្រួលឲ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកំសាន្តខាងលើ ក្នុងនោះមានទាំងជនជាតិវៀតណាមចំនួន ៥នាក់ផងដែរ ។
ចំពោះអ្នកដែលបានរកឃើញសារធាតុញៀនក្នុងខ្លួន សម្រាប់ជនជាតិខ្មែរមានទាំងអស់ ៦២នាក់នោះ នឹងត្រូវបានបញ្ជូនទៅកាន់ ‹‹មជ្ឈមណ្ឌលកែប្រែឱកាសខ្ញុំ›› រីឯជនបរទេស ៣១នាក់ទៀត នឹងស្នើសុំគោលការណ៍ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាប់បញ្ជូនទៅកាន់ប្រទេសកំណើតវិញ ។
មន្ដ្រីនគរបាលរូបនេះបានឲ្យដឹងទៀតថា សម្រាប់គ្រឿងញៀនវិញ សមត្ថកិច្ចរឹបអូសបានតែ ១៦២.៧ក្រាមប៉ុណ្ណោះ បូករួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕