ឥណ្ឌា៖ តាមរយៈសារព័ត៌មាន Channel News Asia នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បុរសឥណ្ឌា ៦នាក់ ត្រូវបានតុលាការរកឃើញថាពិតជាមានទោសឧក្រិដ្ឋពីបទប្រព្រឹត្តទង្វើដ៏មហាសាហាវយង់ឃ្នង ដោយបានរំលោភនិងសម្លាប់ក្មេងស្រី អាយុ៨ឆ្នាំម្នាក់ កាលពីឆ្នាំ២០១៨ នេះបើតាមរដ្ឋអាជ្ញាឥណ្ឌា លោក Mubeen Farooqui ។
នៅថ្ងៃចន្ទនេះ លោក Mubeen Farooqui ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ក្នុងទីក្រុង Pathankot នៃរដ្ឋ Punjab ថាបុរសទាំង៦នាក់ខាងលើ នឹងត្រូវបានផ្ដន្ទាទោសនៅពេលក្រោយ ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះអាចនឹងប្រឈមមុខជាប់ទោសប្រហារជីវិត និងខ្លះទៀតអាចជាប់ពន្ធនាគារ អស់មួយជីវិតផងដែរ។
គួររំលឹកឱ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៨ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ត្រូវបានគេចាប់ពង្រត់ចេញពីភូមិមួយ ស្ថិតនៅក្នុងស្រុក Kathua នៃរដ្ឋ Jammu ភាគខាងជើងប្រទេសឥណ្ឌា។ បើតាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌា ក្មេងស្រី អាយុ៨ឆ្នាំងរូបនេះ ត្រូវបានគេឃុំខ្លួនក្នុងប្រាសាទហិណ្ឌូមួយកន្លែង អស់រយៈពេល៥ថ្ងៃ ហើយក៏ជាពេលមួយដ៏សោកសៅ និងសាហាវយង់ឃ្នងលើរូបនាង ដោយរូបនាងត្រូវគេរំលោភ និងវាយដុំរហូតដល់ស្លាប់។ អំពើដ៏សាហាវនេះក៏បានបង្កឱ្យមានភាពរំជើបរំជួល និងបាតុកម្មតវ៉ាស្ទើតែទូទាំងប្រទេសឥណ្ឌាផងដែរ៕ ប្រភព៖ bbc