ភ្នំពេញ៖ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF (មតេយ្យ) ឬហៅជាភាសាអង់គ្លេសថា CIESF Leaders Academy (Kindergarten) គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។
ថ្លែងក្នុងពិធីបញ្ចប់ការសាងសង់អគារសិក្សាសាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងអំណរគុណដល់មូលនិធីសេហ្វ CIESF និងជាពិសេសរាជរដ្ឋាភិបាលជប៉ុនដែលតែងតែយកចិត្តទុកដាក់ជួយដល់វិស័យអប់រំក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍ថា ‹‹សាលាភាពជាអ្នកដឹកនាំនេះ បង្កើតឡើងដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសកុមារកម្ពុជាទៅតាមកម្មវិធីសិក្សាបែបប្រទេសជប៉ុន ដើម្បីឲ្យពួកគាត់រៀនទាំងភាសាខ្មែរ និងជប៉ុន ក៏ដូចជាស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុន ដើម្បីធ្វើយ៉ាងម៉េចនៅពេលដែលកុមារធំឡើងអាចចូលធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនបាន។ អ៊ីចឹងគោលដៅរបស់យើង គឺដើម្បីលើកកម្ពស់ធនធានមនុស្ស និងដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកដាក់ទុនវិយោគនៅកម្ពុជាឲ្យកាន់តែច្រើន››។
ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធីបញ្ចប់ការសាងសង់អគារសិក្សាសាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នោះថា ការអប់រំត្រូវតែយកចិត្តទុកដាក់ជាចាំបាច់ ព្រោះដើម្បីកសាងធនធាមនុស្ស និងជាពិសេសដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋជាតិ។
លោក OKUBO Hideo ប្រធានមូលនិធីស៊ីសេហ្វ បានមានប្រសាសន៍ថាឲ្យដឹងថា សាលាភាពជាអ្នកដឹកនាំស៊ីសេហ្វនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់២យ៉ាងគឺ ទី១. បណ្ដុះបណ្ដាលអ្នកអប់រំយ៉ាងពិតប្រាកដមួយដែលគិតអំពីផលប្រយោជន៍ផែនដី និងប្រកាន់ខ្ជាប់នូវទឹកចិត្តចំពោះអ្នកដទៃ និងទី២ អាចឲ្យកុមារតូចៗរៀនសូត្រដោយខ្លួនឯងនៅទីនេះ ហើយធ្វើការអភិវឌ្ឍខ្លួនដើម្បីបើកផ្លូវទៅកាន់អនាគតដោយខ្លួនឯងក្នុងពិភពលោកមួយដែលមានការផ្លាស់ប្ដូរឥតឈប់ឈរ និងបង្កើតបាននូវសង្គមមួយដែលមានស្ថិរភាព។
លោកបានបន្ថែមថា នៅថ្ងៃអនាគតសាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នឹងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡាក្នុងនាមជាសាលាគម្រូ។ទន្ទឹមនឹងការរីកដុះដាលនៅកម្ពុជា សាលានេះនឹងបន្តរីកដុះដាលនៅក្នុងបណ្ដាប្រទេសនានាជាច្រើនទៀតនៅក្នុងអាស៊ាន និងឈានដល់ការផ្លាស់ប្ដូរ និងបញ្ជូនធនធានមនុស្សទៅធ្វើការនៅប្រទេសជប៉ុន។
សូមជម្រាបថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF មានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ រាជធានៅភ្នំពេញ។ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF បង្រៀន២ភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅសាលានេះពុំមានបង់ប្រាក់នៅទេ៕
អត្ថបទ៖ bodiapost