តាកែវ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទី រវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ។
ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2257 (អ្នកបើកបរគេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-8940 បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាកក់ ខេត្តតាកែវ ជាជាងជួសជុលម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ)
មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ លី ណន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ជាកសិករ (រងរបួសធ្ងន់) បើកបរមកពីទិសខាងលិច ។ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួនមួយឡាន ទើបអគ្គីភ័យបានរលត់ស្ថាពរ។
ក្រោយពីធ្វើការវាស់វែង សមត្ថកិច្ចបានយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕