បើតាមហ្វេសប៊ុកផ្លូវការរបស់ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសេចក្តីបំភ្លឺពាក់ព័ន្ធនឹង ព័ត៌មាន កាលពីព្រឹកមិញនេះដែលថា មានករណីបុរសម្នាក់ជិះរថយន្ត Prius បុកក្បួនសម្ដេចតេជោ ហ៊ុន សែន។ សូមអានសេចក្ដីបំភ្លឺខាងក្រោមនេះ៖
‹‹លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានអោយដឹងថា ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណៈប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AZ-5242 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រ៉េចង្កូតពេញផ្លូវ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួនអ្នកបេីកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃេីញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន។
សូមសារព័ត៌មានមួយចំនួនមេត្តា ស្វែងរកព័ត៍មានអោយបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះជាសាធារណ: ព្រោះវាអាចធ្វេីអោយមហាជនមានការយល់ច្រឡំ។››