ស្វាយរៀង៖ គ្រឿងញៀនទម្ងន់ ១៧ គីឡូក្រាមនោះផ្ទុកក្នុងវ៉ាលីមួយ ត្រូវបានកម្លាំងនគរបាលវរការពារព្រំដែនលេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាប នៅចន្លោះព្រំដែនកម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែសោកស្ដាយដែលជនសង្ស័យបានទម្លាក់វ៉ាលីចោល ហើយរត់គេចខ្លួនបាត់។ ការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅវេលាម៉ោងប្រមាណ ៨យប់ នៅភូមិ បាវិត កណ្កាល សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ដោយឃ្លាតពីខាងត្បូងដំណាក់តាបែងប្រហែល១០០០ ម៉ែត្រ(ខាងលិចប៉ុស្តិ៍លេខ ៨ ចំណុះប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារបាវិត ស្លាបឆ្វេង។
ការបង្ក្រាបគ្រឿងញៀនមួយករណីនេះ សមត្ថកិច្ចឆែកក្នុងវ៉ាលី បានរកឃើញ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១៧ដុំ ស្មើនឹង ១៧គីឡូក្រាម ដោយមានការវេចខ្ចប់ត្រឹមត្រូវ ។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យបម្រុងនាំយកគ្រឿងញៀនចេញទៅកាន់វៀតណាម ស្រាប់សមត្ថកិច្ចឃើញ ហើយហៅឃាត់សួរ ជនសង្ស័យភ័យស្លន់ស្លោរក៏ទម្លាក់វ៉ាលីរត់បាត់ស្រមោលទៅ តែយ៉ាងណាពេលនេះ លោកកំពុងទាក់ទង ធ្វើការជាមួយភាគីវៀតណាម ដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ ៕