ចុះឆែកឆេរទីតាំងឃ្លាំងរបស់ជនជាតិចិន២កន្លែង និងដកហូតម៉ាស៊ីនភ្លើងជិត ៧០គ្រឿង នៅខេត្តព្រះសីហនុ

0
1411
Loading...

ខេត្តព្រះសីហនុ៖ វេលាម៉ោងប្រមាណ​ ១០ៈ៣០នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៩ នេះ សមត្ថកិច្ចគយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្តព្រះសីហនុ ចូលរួមពីកម្លាំងកងរាជអាវុធហត្ថ​ បាន​ចុះបង្ក្រាបទីតាំងឃ្លាំងស្តុកម៉ាសុីនភ្លេីង​ តាមដីកាបង្គាប់អោយឆែកឆេរលំនៅដ្ឋាន​ ឫរុករក​វត្ថុតាងរបស់ប្រធានសាលាដំបូងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការឆែកឆេរនេះ ដឹកនាំ​ដោយ​លោក​ លឹម​ ប៊ុនហេង​ ព្រះរាអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ​ បាន​ចុះទៅដល់ឃ្លាំងស្តុកម៉ាសុីនភ្លេីង​ ដែលមានម្ចាស់ជាជនជាតិចិន ចំនួន​២កន្លែង​៖

  1. ឃ្លាំង​ឈ្មោះ​ ហ្វូលីសុឺថឺ​ មានទីតាំង​នៅផ្លូវជាតិលេខ​ ៤​ ភូមិ​ ១​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ទល់មុខរោងចក្រស្រាបៀរក្រោន
  2. ឃ្លាំង​ឈ្មោះ​ គ្រឿង​បន្លាស់​ ឡុង​ សឹង​ មាន​ទីតាំង​នៅ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច

ករណីនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងតូចធំទាំងអស់ជិត ៧០គ្រឿង ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវអោយម្ចាស់ចូលខ្លួនទៅបង្ហាញឯកសារបង់ពន្ធ។ ក្នុងករណីបើគ្មានឯកសារត្រឹមត្រូវ នឹងតម្រូវឱ្យម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិន័យតាមនិតិវិធីច្បាប់ផងដែរ ។

បច្ចុប្បន្ន​ កំលាំង​ជំនាញ​គយ​ រៀបចំ​ស្ទូចយកម៉ាសុីនភ្លេីងទាំងនោះយកទៅរក្សាទុកនៅការិយាល័យគយ ​និងរដ្ឋាករស្ទឹងហាវដេីម្បីបន្តនិតិវិធីច្បាប់ ៕