ស្វាយរៀង៖ យុវជនចិត្តខ្លាំងម្នាក់បានដុតផ្ទះខ្លួនឯងខ្ទេចម៉ត់ ព្រោះតែខឹងនឹងឪពុក មិនព្រមដណ្តឹងប្រពន្ធឱ្យ តាមការទាមទាររបស់គេ ដែលករណីនេះបានកើតឡើង នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង វេលាម៉ោង ១១ៈ៥០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ចំពោះផ្ទះដែលអគ្គិភ័យឆេះខ្ទេចនេះមាន ទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង។
បើតាមឪពុករបស់ជនបង្ក និយាយថា មិនគួរណាកូនប្រុសធ្វើបែបនេះសោះគ្រាន់តែគាត់ប្រកែកថា កុំអាលគិតគូររឿងប្រពន្ធ និងខិតខំរកស៊ីមានប្រាក់កាសសិនចាំទៅដណ្ដឹងប្រពន្ធ ស្រាប់តែប្រមាណជាកន្លះម៉ោងក្រោយមក ក៏មានរឿងនេះកើតឡើងតែម្ដងទៅ។ ចំណែកផ្ទះបន្សល់ទុកតែគ្រោងឆ្អឹង និងបាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំជាយូរឆ្នាំ ឪពុកបានត្រឹមឈរសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។
យោងតាមសមត្ថកិច្ចស្រុករំដួល ប្រាប់ឱ្យដឹងថាកូនប្រុសចិត្តខ្លាំងរូបនេះឈ្មោះ ពិន ពិទូ អាយុ២៨ឆ្នាំ ហើយ ឪពុកឈ្មោះ ពិន បូរិន អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ក្រោយពីធ្វើសកម្មភាពរួចកូនប្រុសរូបនោះក៏បានរត់គេចខ្លួនភ្លាមៗ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសួនាំ ៕