ថៃ៖ លើលោកនេះ គ្មានអ្វីដែលប្រសើរជាងក្ដីស្រលាញ់របស់ឳពុកម្ដាយឡើយ ជាក់ស្ដែងដូចនឹងរឿងរ៉ាវដ៏រំជួលចិត្តមួយនេះ ដែលប៉ុន្មានថ្ងៃមុននេះ អ្នកនិយមលេងបណ្ដាញសង្គមនៅថៃ បានធ្វើការចែករំលែកតៗគ្នាពាសពេញបណ្ដាញសង្គម។ តាមរយៈរូបថតមួយសន្លឹក គេបានឃើញបុរសម្នាក់ត្រូវជាឳពុកជិះម៉ូតូឌុបប្រពន្ធជាមួយនឹងកូនរបស់ពួកគេ នៅលើផ្លូវនៃខេត្ត Chiang Rai ប៉ុន្តែអ្វីដែលខុសពីធម្មតានោះ គឺនៅពីក្រោយម៉ូតូរបស់ពួកគេ មានបំពង់អ៊ុកស៊ីសែនធំមួយ ដែលប្រើដើម្បីឱ្យកូនប្រុសរបស់ពួកគេអាចដកដង្ហើមបាន។
រូបភាពមួយនេះ បានធ្វើឱ្យកក្រើកបណ្ដាញសង្គមថៃ រហូតមានអ្នកសារព័ត៌មានថៃ បានស្វែងរកការពិតនៃរឿងរ៉ាវមួយនេះ។ យោងតាមសារព័ត៌មានថៃ TNews បានឱ្យដឹងថា គ្រួសារដ៏កម្សត់មួយនេះរស់នៅ Mae Sai ភាគខាងជើង Chiang Rai ហើយកូនប្រុសរបស់ប្តីប្រពន្ធនេះ បានកើតជំងឺសួតធ្ងន់ធ្ងរ តាំងពីអាយុ ៦ខែ ដែលគេហៅថា ជំងឺហឺត។ សួតរបស់ក្មេងប្រុស បានចុះខ្សោយយ៉ាងខ្លាំង ដែលត្រូវការបំពង់អុកស៊ីសែនជាចាំបាច់ ដើម្បីដកដង្ហើមជារៀងរាល់ថ្ងៃ តាំងពីអាយុ ៦ខែ មកទល់ពេលនេះគឺក្មេងប្រុសតូចមានអាយុ ២ខួបហើយ។
តាមរបាយការណ៌បានបញ្ជាក់ថាឪពុកក្មេងតូច អាចរកលុយប្រហែល ៣០០បាត (ខ្ទង់ ១០ដុល្លារ) ក្នុងមួយថ្ងៃ ហើយមកទល់ពេលនេះគាត់បានចំណាយទៅលើការព្យាបាលរបស់កូនប្រុសគាត់មិនក្រោម ១០ម៉ឺនបាត (ខ្ទង់ ៣៣៣០ដុល្លារ) នោះទេ។
បុរសជាឳពុករបស់ក្មេងប្រុសតូចបានប្រាប់ទៀតថា បំពង់អ៊ុកស៊ីសែននេះមានតម្លៃ ២០០បាត (ខ្ទង់ ៦.៥ដុល្លារ) ហើយពួកគេត្រូវប្ដូរបំពង់នេះរៀងរាល់ ២ថ្ងៃម្ដង។ ដូចនេះពួកគេទាំង៣នាក់ ត្រូវជិះម៉ូតូទៅមក ចម្ងាយ ១២០គីឡូម៉ែត្រ រៀងរាល់២ថ្ងៃម្ដង ពីផ្ទះរបស់ពួកគេទៅកាន់មន្ទីរពេទ្យ ដើម្បីប្ដូរអ៊ុកស៊ីសែនឱ្យកូនគាត់។ កាលពីមុន គាត់ធ្លាប់ប្រើសេវាដឹកអ្នកដំណើរសាធារណៈដែរ តែអ្នកបើកបរខ្លាចផ្ទុះធុងអ៊ុកស៊ីសែននេះ ដោយមិនចង់ឱ្យមានគ្រោះថា្នក់ដល់អ្នកដទៃ ទើបគាត់សម្រេចចិត្តជិះម៉ូតូឌុបប្រពន្ធកូនខ្លួនឯង ទៅកាន់មន្ទីរពេទ្យ។
អ្នកលេងបណ្ដាញសង្គម បានបង្ហាញនូវអារម្មណ៍អាណិតអាសូរដល់ពួកគេជាខ្លាំង ហើយសង្ឃឹមថាក្មេងប្រុសនេះនឹងបានជាឆាប់រហ័ស ហើយមិនចាំបាច់ពឹងផ្អែកលើធុងអុកស៊ីសែន តទៅទៀតទេ៕