ចិន៖ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ នៅហាងស៊ុបមួយកន្លែងស្ថិតនៅទីក្រុង Luoyang ក្នុងខេត្ត Henan ប្រទេសចិន វេលាម៉ោង ៩ៈ៥៤នាទីយប់ បុរសម្នាក់ត្រូវបានឈ្មោះ Xiao Chang ត្រូវបានបុរសម្នាក់ទៀតជាប្ដីរបស់អតីតមិត្តរួមថ្នាក់ស្រី ជះទឹកស៊ុបពេញមុខ និងខ្លួនប្រាណបណ្ដាលឱ្យរបួសរលាកធ្ងន់ធ្ងរ ។
មុនកើតហេតុបុរសឈ្មោះ Xiao Chang បានសុំឱ្យអតីតមិត្តស្រីរួមថ្នាក់របស់ខ្លួនឈ្មោះ Xiao Zhao ដែលជាគិលានុបដ្ឋា ឱ្យមកមើល និងជួយដូរបំពង់់សុងក្រពះ ព្រោះឳពុករបស់ខ្លួនកំពុងឈឺធ្ងន់ ហើយទំរាំចប់រួចរាល់ គឺម៉ោង៩យប់ទៅហើយ។ ដោយសារតែនាង Xiao Zhao មិនទាន់បានញ៉ាំអាហារពេលយប់ លោក Xiao Chang បានអញ្ជើញនាង Xiao Zhao ដែលមានកូនប្រុសតូចមកជាមួយ និងមិត្តស្រីម្នាក់ទៀតមកញ៉ាំស៊ុប ដើម្បីជាការអរគុណ។
ពេលកំពុងញ៉ាំស៊ុបនោះនៅម៉ោង ៩ៈ៥២នាទីយប់ ស្រាប់តែប្ដីរបស់នាង Xiao Zhao បានបង្ហាញខ្លួន ហើយបានទាស់ទែងសំដីគ្នាយ៉ាងខ្លាំង ស្រាប់តែប្ដីនាងចាប់ផ្ដើមប្រែប្រួលអាកប្បកិរិយាទៅជាមិនល្អ ហើយបែរទៅនិយាយសំដីបែបឈ្លើយទៅកាន់លោក Xiao Chang ថា “តើឪហែងឈឺស្អី បានជាមកអង្គុយផឹកស៊ីនៅទីនេះ?” ហើយក៏ចាប់ឆ្នាំងស៊ុបជះលើលោក Xiao Chang ទាំងកំរោល និងយកឆ្នាំងស៊ុបគប់ទៀត ទាំងកូនប្រុសរបស់ខ្លួនឯងកំពុងអង្គុយនៅក្បែរនោះ។ ភ្លាមៗលោក Xiao Chang បានទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ដោយបានរលាកមុខ ខ្លួនប្រាណ និងស្មាខាងឆ្វេងខ្លាំងក្នុងកម្រិតទី ៣ ។
តែទោះជាយ៉ាងគ្រួសាររបស់លោក Zhao បានបង់ថ្លៃជំងឺចិត្តក្រោយកើតហេតុ ដើម្បីបញ្ចប់រឿងចំនួន ៣ម៉ឺនយ៉ន់ (ខ្ទង់ ៤៦០០ដុល្លារ) តែចំនួននេះក៏មិនគ្រប់គ្រាន់ក្នុងការចំណាយលើព្យាបាលដែរ៕
សូមទស្សនាវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពខាងក្រោមនេះ៖