មិននឹកស្មានថា ញ៉ាំសត្វល្អិតប៉ុន្មានប្រភេទនេះ មានអត្ថប្រយោជន៍ខ្លាំងដល់សុខភាពបែបនេះសោះ

0
1580
Loading...

អ្នកវិទ្យាសាស្ត្របាននិយាយថា ការញ៉ាំសត្វល្អិតដូចជា ស្រមោច កណ្តូប និងដង្កូវនាង ជាដើម អាចជួយការពារប្រឆាំងនឹងជំងឺមហារីកបាន ព្រោះតែពពួកសត្វល្អិតទាំងនោះមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងទឹកក្រូច ទៅទៀត។ ទោះជាមិនមែនជាអាហារប្រចាំថ្ងៃ ហើយមនុស្សមួយចំនួនធំញញើត ខ្ពើម ក្នុងការញ៉ាំពពួកសត្វល្អិតទាំងនេះក្ដី តែពួកវាមានអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលសម្រាប់សុខភាពរបស់យើង។

Photo: New York Times

ការស្រាវជ្រាវបានរកឃើញថាប្រភេទសត្វល្អិតមួយចំនួនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) យ៉ាងច្រើន ដែលវាជួយកាត់បន្ថយការលូតលាស់នៃរ៉ាឌីកាល់សេរីដែលមានគ្រោះថ្នាក់ដល់សរីរាង្គ និងការពារប្រឆាំងនឹងការខូច DNA ទៀតផង។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យរ៉ូម (University of Rome) បានធ្វើតេស្តម្សៅ ដែលកិនបញ្ចូលគ្នាពីសត្វស្រមោច កណ្តូប សត្វចង្រិត និងដង្កូវនាង បានរកឃើញនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា សមាសធាតុវីតាមីន A, C, E និង beta-carotene ។ គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រធ្វើតេស្ដតែផ្នែកដែលអាចរលាយរបស់សត្វល្អិតប៉ុណ្ណោះ ចំពោះស្លាប និងទ្រនិចរបស់ពួកគេត្រូវបានយកចេញ ។

photo: steemit

ការធ្វើតេស្តនេះ បានបង្ហាញថាដង្កូវនាងអាហ្រ្វិក និងសត្វរៃយក្ស មានសារធាតុប្រឆាំងអុកស៊ីតកម្ម ច្រើនទ្វេដងដូចនឹង ប្រេងអូលីវ ដែរ ហើយសត្វចង្រិត កណ្តូប និងដង្កូវនាង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ៥ដងច្រើនជាងទឹកក្រូចដែលមានជីវជាតិ ។

អ្នកវិទ្យាសាស្ត្រសាស្រ្តាចារ្យ Mauro Serafini បាននិយាយថា សត្វល្អិតដែលយើងអាចបរិភោគបាន គឺជាប្រភពដ៏ល្អនៃជាតិប្រូតេអ៊ីន អាស៊ីតខ្លាញ់ពហុនុយមីង សារធាតុរ៉ែ វីតាមីន និងជាតិសរសៃ ។ នៅពេលអនាគតយើងក៏អាចផ្លាស់ប្តូររបបអាហារសម្រាប់ការចិញ្ចឹមសត្វល្អិត ដើម្បីបង្កើនខ្លាញ់សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា សម្រាប់សត្វ ឬមនុស្ស ។

photo: Food Navigator

គាត់ក៏បានបន្ថែមថា មនុស្សបរិភោគបន្លែ នឹងធ្វើឱ្យមានសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ក្នុងរាងកាយ ហើយគាត់បានរកឃើញថាសត្វល្អិតដែលស៊ីតែរុក្ខជាតិ ក៏មានសុខភាពល្អផងដែរ ដូចជាសត្វកណ្តូប និងដង្កូវនាង ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត ខណៈពេលដែលស្រមោច និងសត្វអាពីង ឬពីងពាង មិនសូវមានប្រយោជន៍ច្រើនប៉ុន្មានទេ ដោយសារតែពួកវាស៊ីសាច់សត្វដទៃទៀតជាអាហារ ។

Photo: Discover Magazine

គួរឱ្យដឹងផងដែរ រ៉ាឌីកាល់សេរី គឺជាម៉ូលេគុលសកម្មខ្ពស់នៅក្នុងខ្លួនដែលត្រូវបានផលិតដោយប្រតិកម្មគីមីមួយចំនួន។ ទោះបីជាវាត្រូវបានគេរកឃើញនៅក្នុងខ្លួនប្រាណ ក្នុងកំរិតរ៉ាឌីកាល់សេរីខ្ពស់ដែលអាចបំផ្លាញ DNA, ប្រូតេអ៊ីន និងផ្នែកដទៃទៀតនៃកោសិកាដែលនាំទៅរកជំងឺមហារីក ។ ការបញ្ចេញជាតិវិទ្យុសកម្ម និងជាតិពុលពីបរិស្ថានអាចបង្កើនចំនួនរ៉ាឌីកាល់សេរីនៅក្នុងរាងកាយខ្លាំងផងដែរ ។

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Frontiers in Nutrition ៕