ទម្លាប់ខាំសក់លេង ប្រយ័ត្នកើតរឿងអាក្រក់ដូចក្មេងស្រីអាយុ ៨ឆ្នាំម្នាក់នេះ

0
2421
Loading...

ភ្នំពេញ៖ មនុស្សយើងរាល់គ្នាមានការញៀនចម្លែក ដូចជាអ្នកខ្លះទំពារទឹកកក ការលិឍសាប៊ូ អ្នកខ្លះមានញ៉ាំសាប៊ូទៀតផង ដែលការញៀនមួយចំនួនអាចប៉ះពាល់ដល់សុខភាព ហើយការពារការញៀនចម្លែកខ្លះទៀតអាចប៉ះពាល់ដល់សុខភាពទាំងមិនបានចាប់រម្មណ៍ ជាក់ស្ដែងដូចជាករណីអាក្រក់មួយនេះដែលកើតឡើងចំពោះក្មេងស្រីអាយុ ៨ឆ្នាំម្នាក់នេះអីចឹង ។

យោងតាមសារព័ត៌មាន Mirror បានប្រាប់ឱ្យដឹងថាក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ នៅប្រទេសចិនបានធ្វើការវះកាត់ ក្រោយពីនាងមានទម្លាប់ចម្លែក គឺខាំ ឬទំពារសក់របស់ខ្លួនឯងអស់រយៈពេល ៦ឆ្នាំ ។ តើលោកអ្នកមានមិត្តភក្តិដែលមានទម្លាប់បែបនេះឬទេ? សូមជួយប្រាប់ឱ្យពួកគេបញ្ឈប់ជាបន្ទាន់ ។

ក្មេងស្រីជនជាតិចិនដែលមានឈ្មោះថា Feifei បានចាប់ផ្តើមមានទម្លាប់ទំពារសក់ នៅពេលនាងមានអាយុ ២ឆ្នាំ ហើយនាងបានបញ្ឈប់ទម្លាប់នេះកាលពីដើមឆ្នាំ២០១៩ ប៉ុន្តែកាលខែកុម្ភៈ Feifei បានចាប់ផ្តើមឈឺចាប់ ក្នុងឈឺក្រពះយ៉ាងខ្លាំង និងក្អួតចង្អោរ។ ក្រពះរបស់នាងបានហើមព្រោះតែសក់ដែលនាងបានលេបចូលក្នុងក្រពះ ។ ម្តាយរបស់ក្មេងស្រីតូចក៏ប្រញាប់បញ្ជូននាងទៅកាន់មន្ទីរពេទ្យ Donghua នៅខេត្តក្វាងដុង ប្រទេសចិន។

វេជ្ជបណ្ឌិត Tang Shilong ដែលទទួលបន្ទុកព្យាបាល Feifei បានចាប់ផ្តើមធ្វើការសំអាតក្រពះរបស់ Feifei ។ បន្ទាប់ពីការស្កេន លោកគ្រូពេទ្យមាកការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគាត់បានរកឃើញកញ្ចុំសក់ទម្ងន់ ១.៥ គីឡូក្រាម លាយឡំនឹងសំណល់អាហារនៅក្នុងក្រពះរបស់នាង ។ ដោយសារមិនអាចយក សក់់ចេញបានការព្យាបាលបឋម លោកវេជ្ជបណ្ឌិត Tang បានសម្រេចធ្វើការវះកាត់ ដើម្បីយកដុំសក់ទាំងនោះចេញ ហើយការវះកាត់នេះទទួលបានជោគជ័យផងដែរ ។

លោកវេជ្ជបណ្ឌិតបាន​និយាយ​ថា៖ ‹‹សក់ទាំងនេះមាននៅក្នុងក្រពះរបស់នាងអស់ជាច្រើនឆ្នាំមកហើយ វាកើតចេញពីទម្លាប់នៃការខាំឬទំពារសក់លេង ដែលជារោគសញ្ញាធម្មតា ដូចអ្នកខ្លះមានទំលាប់ទំពារទឺកកអីចឹង យើងអាចបញ្ឈប់វាបានគ្រាន់តែព្យាយាមបំបាត់ទំលាប់បែបនេះតែប៉ុណ្ណោះ›› ។

បទពិសោធន៍ដ៏អាក្រក់មួយនេះ បានធ្វើឱ្យម្ដាយរបស់ Feifei ត្រូវតាមដានកូនស្រីរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបានថាកូនស្រីរបស់គាត់ឈប់មានទម្លាប់បែបនេះតទៅទៀត ។ នេះជាបទពិសោធន៍មួយសម្រាប់អ្នកដែលចូលចិត្តទំពារសក់លេង ៕ ប្រភព៖ worldofbuzz