ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ម៉ោងប្រមាណ៧ៈ៤០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សពមន្រ្តីយោធាទាំង២នាក់ ដែលត្រូវទឹកហូរគួចយកទៅបាត់ដោយសារបាក់ដី នៅស្ទឹងត្រែង បានរកឃើញហើយនៅចំងាយប្រហែល ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ នៅម្ដុំកោះទន្សាយ ស្រុកសៀមប៉ាង។ ក្នុងនោះ សពឈ្មោះ សុខ សុវណ្ណឌី រកឃើញនៅម៉ោងប្រមាណ ៧ៈ៤០នាទី ជាអ្នកមានជំងឺគ្រុនចាញ់ ហើយជិះពីក្រោយ និងម្នាក់ទៀតឈ្មោះ ភី នីដាលិ រកឃើញម៉ោងប្រហែល ៨ព្រឹក ជាអ្នកឌុបមិត្តភក្តិទៅកាន់មន្ទីរពេទ្យ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏អកុសលមួយកើតចំពោះមន្ត្រីយោធា២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ចំពេលទឹកកំពុងហូរគួចខ្លាំង បណ្ដាលឱ្យច្រោះដីបាក់ស្ពាន ធ្វើឲ្យពួកគេធ្លាក់ចូលក្នុងទឹកហូរទៅបាត់ស្រមោលតែម្ដង។ ហេតុការណ៍កើតឡើងនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មន្ត្រីយោធាទាំងពីរ អ្នកទាំងពីរបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ ហើយនៅថ្ងៃកើតហេតុឈ្មោះ ភី នីដាលិ បានជិះម៉ូតូឌុប ឈ្មោះ សុខ សុវណ្ណឌី ដែលមានជំងឺគ្រុនចាញ់ទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល តែជាអកុសលកំពុងជិះឆ្លងស្ពានជិតផុតហើយ ស្រាប់តែស្រុតបាក់ដីធ្លាក់ទាំងមនុស្ស និងម៉ូតូហូរតាមទឺកបាត់ទៅ ៕
មន្រ្តីយោធា២នាក់ កំពុងបើកម៉ូតូឆ្លងកាត់ស្ពាន ស្រាប់តែបាក់ស្រុតដីធ្លាក់ចូលទឹក នៅខេត្តស្ទឹងត្រែង (Video inside)(ស្ទឹងត្រែង)៖ មន្រ្តីយោធា២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តងកាលពីព្រឹកម្សិលមិញ។គិតត្រឹមវេលាម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។ ហេតុការដ៏រន្ធត់នេះ ត្រូវបានគេថតបាន និងត្រូវបានចែកចាយតគ្នាពេញបណ្តាញសង្គម បង្កើតឲ្យមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ។ របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖*ទី១៖ ឈ្មោះ សុខ សុវណ្ណឌី*ទី២៖ ឈ្មោះ ភី នីដាលិ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ម្សិលមិញ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង៕
Posted by Sorn Sopheak-ស៊ន សុភក្រ្ត on Wednesday, July 24, 2019
វីដេអូពី លោក ស៊ន សុភក្ត្រ