ក្ដៅៗ! ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ លោក សុវណ្ណ រិទ្ធី ហើយពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

0
2704
Loading...

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។

លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការសហការរវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទីយប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សុវណ្ណ រិទ្ធី ភេទប្រុស មុខរបរអ្នកសារព័ត៌មានTVFB ។

តាមការបំភ្លឺ និងសារភាពដោយផ្អែកលើចម្លើយបំភ្លឺរបស់ឈ្មោះ អែល ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិករបស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី និងផ្អែកលើការទទួលស្គាល់ភស្តុតាងវីដេអូឃ្លីបរយៈពេល៦នាទី៥៤វិនាទី និងសារជាអក្សដែលបានបង្ហោះ ផ្សព្វផ្សាយលើផេកហ្វេសបុក របស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី។ ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី ពិតជាបានប្រព្រឹត្តអំពើញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅចំនុចផ្ទះលេខ១០ (ការិយាល័យអង្គភាពសារព័ត៌មាន ធីវីអេហ្វប៊ី ញ៉ូស ២៤ម៉ (TVFB News 24h)) ផ្លូវលេខ២៨៩ ភូមិបូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»៕