ដល់ក! រកឃើញ ពោះវៀនជ្រូក ខូចគុណភាព និងមានសភាពស្អុយ រាប់តោន នៅខេត្តកណ្ដាល

0
1848
Loading...

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្រ្តីនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ០២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែរ។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ដោយសង្កេតឃេីញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រេីប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។

ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF