នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។
ចំណែកភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលកំពុងមានទម្ងន់កូនក្នុងផ្ទៃផងនោះ មានការនឹករលឹកប្ដីយ៉ាងខ្លាំងក្នុងខណៈនេះ បានពោលទាំងទឹកភ្នែកនៅក្នុងបណ្ដាញសង្គមថា “បងជាមេគ្រួសារទាំងមូល មិនថាប្អូនៗ ក្មួយៗ កូនៗ និងក្រុមការងាជិត៣០នាក់ បងជាអ្នកមើលថែផ្គត់ផ្គង់ថែរក្សា ចុះបើគ្មានបង តើពួកគាត់នឹងទៅជាយ៉ាងណា? អូនអាចនិយាយពាក្យថារឹងមាំបាន តែសម្រាប់ទឹកភ្នែកអូន គឺអូនឃាត់មិនបាន ឱ្យតែអូនដឹងខ្លួនម្ដងៗ គឺអូនគិតដល់បងគ្រប់ពេល ជាពិសេសគឺកូនកា តែងតែសួររកប៉ា តើឱ្យអូនឆ្លើយយ៉ាងណាសំរាប់គាត់ កូនតូចនៅក្នុងពោះក៏ជិតសំរាល គឺអូនត្រូវការបងមកមើលថែ ព្រោះមានតែបងម្នាក់គត់ដែលដឹងថាអូនជាមនុស្ស ដែលមានសុខភាពមិនសូវល្អ និងត្រូវការបងតែម្នាក់ដើម្បីមើលថែ” ។
គួរឱ្យដឹងថាកាលពីម្សិលមិញថ្ងៃទី៨ ខែមេសា លោក សុវណ្ណ សុខា ដែលជាឳពុករបស់លោក សុវណ្ណ រិទ្ធី បានចេញវីដេអូសុំការសណ្តោះប្រណីពី សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុំទុកឱកាសឱ្យកូនប្រុសរបស់គាត់ធ្វេីការកែខ្លួន ដោយភាពល្ងង់ខ្លៅក្មេងខ្ចីទេីបបណ្តាលអោយមានកំហុស ដ៏ធ្ងន់ធ្ងរបែបនេះ ហើយសន្យាថានឹងអប់រំកូនមិនឱ្យមានកំហុសឆ្គងជាលេីកទី២ទេ៕