កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ ខ្ញុំមិនបានចាំថា នៅថ្ងៃណាទេ។ កាលនោះខ្ញុំបានទៅលេងគិរីរម្យជាមួយសិស្សរួមថ្នាក់របស់ខ្ញុំ មានគ្នាប្រហែលជា ១៥នាក់ ឬ១៨នាក់ ក្នុងនោះក៏មានបងប្រុស និងលោកគ្រូអ្នកគ្រូរបស់ខ្ញុំផងដែរ។ ពួកយើងមានគំរោងគេងនៅទីនោះ ២យប់ តែគេងបានត្រឹមតែ១យប់ក៏ត្រូវត្រឡប់មកភ្នំពេញវិញ។
ឆ្នាំ២០០៨ មុនថ្ងៃនៃដំណើរ ១ថ្ងៃខ្ញុំម៉ាក់ខ្ញុំប្រាប់ថា គាត់ដូចជា មានអារម្មណ៍មិនល្អយ៉ាងម៉េចទេ? ខ្ញុំនិយាយទៅគាត់ថា ម៉ាក់សម្រាន្តមិនលក់ទេដឹង ទើបមានអារម្មណ៍បែបនេះ។ ខ្ញុំជាមនុស្សមិនចេះខ្លាចរឿងខ្មោច និងជាមនុស្សមិនជឿលើរឿងខ្មោច ឬជំនឿឡើយ។
ខ្ញុំចាំបានថា នៅថ្ងៃនៃដំណើរកម្សាន្តម៉ាក់របស់ខ្ញុំគាត់ក្រោកមុនខ្ញុំទៅទៀត។ បើតាមចាំ គាត់ក្រោកប្រហែលជាម៉ោង៣ (គាត់ប្រាប់) អង្គុយនៅលើប៉ៅអ៊ីខាងក្រោមរង់ចាំពួកខ្ញុំ (ខ្ញុំ និងបងប្រុសរបស់ខ្ញុំ) យកវ៉ាលីសម្លៀកបំពាក់មួយចុះមក។
ព្រឹកនោះបងរបស់ខ្ញុំស្ដីឲ្យខ្ញុំថា ទៅតែ ៣ថ្ងៃទេ តែយកខោអាវទៅដូច ទៅនៅនោះ ១ខែអីចឹង។
ខ្ញុំតបជាមួយគាត់ថា ខ្ញុំចង់ទៅនៅទីនោះរហូតម៉េច? ម៉ាក់របស់ខ្ញុំអង្គុយនៅក្រោមបានដើរមកក្បែរជណ្ដើរ និងមានប្រសាសន៍ដោយសម្លេងស្រាលៗថា នែ! កូនៗថ្មើរនេះគេកំពុងគេង ជជែកគ្នាឲ្យតិចៗផង។ ខ្ញុំ និងបងប្រុសរបស់ខ្ញុំបានស្ងាត់មាត់ និងបានក្រឡេកមើលទៅនាឡិកាធំនៅលើជញ្ជាំងក្បែរទ្វារធំឃើញថា ម៉ោងទើបតែ ៤កន្លះទាបភ្លឺ ម៉ោង៥ ទើបឡានសាលាមកយក។ ពួកខ្ញុំ (បងប្រុស និងខ្ញុំ)នៅនិយាយជាមួយម៉ាក់រហូតដល់ម៉ោង៥ជាងទើបឡានសាលាមកយក។ មុនឡើងឡានម៉ាក់ផ្ដាំផ្ញើបងរបស់ខ្ញុំ និងលោកគ្រូអ្នកគ្រូឲ្យជួយមើលថែខ្ញុំផង។ គាត់ប្រាប់ខ្ញុំត្រូវប្រយ័ត្នប្រយែង និងត្រូវតមមាត់តម ក ពេលដើរព្រៃ។
ខ្ញុំយល់ព្រម និងបានសន្យាមិននិយាយអ្វីផ្ដេសផ្ដាសនៅក្នុងព្រៃឡើយ។ បន្ទាប់ពីខ្ញុំសន្យានឹងគាត់រួច ពួកយើង (ខ្ញុំ និងបងប្រុស) ក៏ឡើងឡានចេញដំណើរទៅកាន់គិរីរម្យ។ ចូលដល់ក្នុងឡានភ្លាម ខ្ញុំបានគេងលក់ ហើយបានភ្ញាក់នៅពេលដល់កន្លែងញ៉ាំអាហារពេលព្រឹក។ នៅពេលនោះប្រហែលជាម៉ោង៨ ជាងយើងដល់កន្លែងស្រស់ស្រូបអាហារ។ លោកគ្រូអ្នកគ្រូបានប្រាប់សិស្សទាំងអស់ញ៉ាំអាហារឲ្យបានលឿនដើម្បីឆាប់បានទៅដល់គិរីរម្យ។

ខ្ញុំញ៉ាំបាយតិចតួចនៅពេលនោះ ព្រោះពេលដែលក្រោកពីគេងមានអារម្មណ៍ថា អត់ស្រួលខ្លួនសោះតែមិនហ៊ានប្រាប់បងប្រុសរបស់ខ្ញុំ ព្រោះខ្លាចគាត់ហៅឡានតាក់ស៊ីត្រឡប់មកផ្ទះវិញ។ ម៉ោង៩ ឡានសាលាបានចេញដំណើរម្ដងទៀត ហើយម៉ោង១១ ឡានបានដល់ជើងភ្នំគិរីរម្យ។ ពួកយើងឡើងទៅដល់ខាងលើភ្នំប្រហែលជាម៉ោង១២ជាង (ផ្លូវពិបាកកន្លែងខ្លះៗ)។
លោកគ្រូអ្នកគ្រូបាននាំពួកយើងកម្សាន្តនៅលើភ្នំនេះច្រើនកន្លែងដែរ បន្ទាប់មកក៏ត្រឡប់មកគេងនៅតាមផ្ទះ និងតូបអ្នកស្រុកនៅក្បែរទឹកជ្រោះវិញ។ នៅយប់នោះខ្ញុំបានជួបរឿងដែលគួរឲ្យខ្លាចមួយ។ កាលនោះនៅម៉ោងប្រហែលជា៨យប់ ខណៈពេលដែលសិស្សទាំងអស់អង្គុយជុំគ្នានៅលើតូបមួយកន្លែងដើម្បីនិយាយរឿងផ្សេងៗ។ អ្នកខ្លះនិយាយរឿងខ្មោច ឯអ្នកខ្លះនិយាយរឿងដើរកម្សាន្តជួបរឿងប្លែកៗ។ ចំណែកខ្ញុំវិញក៏បានដើរទៅកាន់មាត់ទឹកដែលនៅមិនឆ្ងាយពីពួកគេប៉ុន្មានទេ។
នៅពេលអង្គុយលេងលើថ្មក្បែរទឹកជ្រោះបានបន្តិច ស្រាប់តែរោមរបស់ខ្ញុំប៉ះក្រញ៉ាង (ព្រឺរោម)។ ខ្ញុំមិនបានចាប់អារម្មណ៍នឹងរឿងនេះឡើយ ដោយខ្ញុំនៅអង្គុយដាក់ជើងត្រាំទឹក ព្រមទាំងក្បង់ទឹកលេង។ យប់នេះព្រះច័ន្ទភ្លឺច្បាស់អាចមើលឃើញព្រៃ និងតូបនៅក្បែរៗនេះច្បាស់។ ខ្ញុំសម្លឹងមើលទៅខាងក្រោមទឹកជ្រោះដែលកំពុងតែហូរ ក៏បានឃើញមានស្រមោលមនុស្សម្នាក់កំពុងតែមុជទឹក។ តាមរូបរាងខ្ញុំអាចសន្និដ្ឋានបានថា ម្នាក់នោះជាមនុស្សស្រី។ នាងអង្គុយក្នុងទឹកដែលកំពុងហូរ ហើយទំលាក់សក់ចូលទៅក្នុងទឹក និងច្បូតសក់។ យូរៗម្ដងនាងបែរមកក្រោយដើម្បីមើលមុខរបស់ខ្ញុំ។
មួយសន្ទុះក្រោយមកខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងតែឈរនៅក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំបែរខ្នងមើលមកក្រោយឃើញស្រមោលខ្មៅមួយឈរខាងក្រោយខ្នងរបស់ខ្ញុំ។ ម្នាក់នេះគឺ ប្រុសស្អាត ភារុណ។ គាត់សួរខ្ញុំថា កំពុងតែធ្វើអីហ្នឹង? ខ្ញុំឆ្លើយដោយកំបុតៗថា មិនឃើញទេ ខ្ញុំកំពុងតែអង្គុយលេងទឹក?
សម្លេងគ្រហែមរបស់បងប្រុសរបស់ខ្ញុំបានឮពីលើតូបមក គាត់សួរ៖ ធ្វើអីហ្នឹង? ភារុណ គាត់ឆ្លើយថា «អត់មានធ្វើអីទេ…បង ខ្ញុំគ្រាន់តែចង់ជជែកលេងជាមួយប្អូនស្រីបងតើ?» ខ្ញុំតបយ៉ាងលឿនថា «តែខ្ញុំមិនចង់ជជែកទេ ខ្ញុំចង់នៅស្ងាត់ម្នាក់ឯង»។
លោកគ្រូសុផលគាត់ស្រែកពីលើថា ភារុណ ឡើងមកនិយាយរឿង ទុកឲ្យ ស្រីកា លេងទឹកម្នាក់ឯងទៅ។ បង ភារុណ បានឡើងទៅលើតូបវិញ។ សម្លេងនៅខាងលើបានសើចក្អាកក្អាយ នៅពេលដែលបងភារុណឡើងដល់ក្នុងតូប។ ពួកគេហាក់ដូចជា ចំអន់បង ភារុណ រឿងខ្ញុំតែខ្ញុំមិនចាប់អារម្មណ៍ទេ ដោយខ្ញុំបែរមកលេងទឹកជាធម្មតា។

ខ្ញុំក្រឡេកមើលទៅបងស្រីដែលអង្គុយរំសាយសក់ក្នុងទឹកនៅខាងក្រោមតែមិនឃើញសោះ បែរជាមកឃើញគាត់អង្គុយនៅលើថ្មម្ខាងទល់មុខខ្ញុំ។ នេះខ្ញុំឃើញមុខរបស់គាត់យល់គួរសម ដោយគាត់អង្គុយនៅត្រើយម្ខាងទៀតនៃទឹកជ្រោះ។ មើលទៅគាត់មានអាយុខ្ទង់២០ជាង។ គាត់បានមើលមុខរបស់ខ្ញុំ ហើយខ្ញុំក៏មើលមុខរបស់គាត់វិញដែរ។ គាត់នៅអង្គុយថ្មឹងសម្លឹងមុខរបស់ខ្ញុំដោយមិនកំរើកបន្តិចសោះ។ ខ្ញុំមានអារម្មណ៍ថា ព្រឺសម្បុរពេញខ្លួន ដៃឆ្វេងរបស់ខ្ញុំបានបោសរោមឲ្យរាបវិញ តែភ្នែកនៅតែសម្លឹងម្នាក់ស្រីនោះ។ ពេលពិនិត្យដិតដល់បន្តិចទៅខ្ញុំហាក់សម្គាល់ដឹងថា ផ្ទៃមុខរបស់គាត់ដូចជា មានសត្វអ្វីម្យ៉ាងកំពុងតែវាលើ។
មើលកាន់តែយូរខ្ញុំ ខ្ញុំកាន់តែព្រឺរោម។ ខ្ញុំឃើញភ្នែកគាត់ឡើងក្រហម ហើយខ្ញុំយល់ជាក់ច្បាស់ថា សត្វដែលនៅលើមុខរបស់គាត់នោះជាដង្កូវ។ ពេលនោះគាត់ដើរឆ្លងទឹកសំដៅមករកខ្ញុំយ៉ាងលឿន ហើយសក់របស់គាត់បានរំជើងរបស់ខ្ញុំធ្វើឲ្យខ្ញុំរអិលចុះក្នុងទឹក តែសំណាងល្អខ្ញុំដៃខ្ញុំរហ័សបានតោងថ្មជាប់។ ខ្ញុំភ័យណាស់ស្រែកឡើងភ្លាត់សម្លេងធ្វើឲ្យអ្នកនៅខាងលើផ្អើល។ ខ្ញុំចាំបានថា បងប្រុសរបស់ខ្ញុំបានរត់ចុះមកក្រោម ឯអ្នកនៅលើនាំគ្នាអើតមើល។
បងប្រុសរបស់ខ្ញុំរត់ចុះមករកខ្ញុំយ៉ាងលឿនខ្ញុំស្រវាចាប់ដៃគាត់ជាប់ បន្ទាប់មកខ្ញុំក៏លែងដឹងខ្លួន។ ពេលបើកភ្នែកឡើង មនុស្សដែលខ្ញុំឃើញដំបូងគេគឺ បងប្រុសរបស់ខ្ញុំ បន្ទាប់មកមានលោកគ្រូអ្នកគ្រូ និងសិស្សរួមថ្នាក់របស់ខ្ញុំពួកគេអង្គុយជុំវិញខ្លួនរបស់ខ្ញុំ។ ក្លិនប្រេងខ្យល់ឈួលពេញច្រមុះរបស់ខ្ញុំ ទើបខ្ញុំមានអារម្មណ៍ស្វាង និងអាចក្រោកអង្គុយបាន។
បងប្រុសរបស់ខ្ញុំបានសួរដោយសម្លេងភិតភ័យថា មានរឿងអ្វី? ខ្ញុំតបថា ខ្ញុំឃើញស្រីម្នាក់មានមុខសុទ្ធតែដង្កូវ ឆ្លងទឹកពីម្ខាងនៃទឹកជ្រោះ ហើយយកសក់រុំទាញជើងរបស់ខ្ញុំ។ ឮបែបនេះលោកគ្រូអ្នកគ្រូបានមើលមុខគ្នា ព្រមទាំងអ្នកមានវត្តមាននៅខាងមុខរបស់ខ្ញុំក៏ដូចគ្នា។ បងប្រុសរបស់ខ្ញុំមើលមុខអ្នកទាំងអស់គ្នារួចក៏និយាយថា អាកា អូនឡើងទៅលើរួចអត់? បងនាំទៅបន្ទប់ម្ចាស់តូបគេង។ ខ្ញុំប្រាប់គាត់ថា អូនដើរបានតើ? តែម៉ោងប៉ុន្មានហើយ? លោកគ្រូលើកដៃមើលម៉ោង រួចគាត់ប្រាប់ថា ម៉ោង៩កន្លះហើយ តោះពួកយើងចូលបន្ទប់។ ប្រុសៗគេងនៅលើតូបលើកលែងតែបងប្រុសស្រីកា ចង់គេងនៅទីនេះក៏បានឬគេងជាមួយកប្អូនស្រីក៏បាន ចំណែកស្រីៗទាំងអស់គេងក្នុងផ្ទះម្ចាស់តូបចុះ។ ខ្ញុំបានចូលបន្ទប់គេងជាមួយអ្នកគ្រូវណ្ណី ឯបងប្រុសរបស់ខ្ញុំត្រូវចងមុងដេកខាងក្រៅបន្ទប់។
គ្រាន់តែរៀបចំចងមុងរួចរាល់ ខ្ញុំបានបានប្រាស់ខ្លួនគេងលក់ស្រួលណាស់។ ម៉ោងប្រហែលជា ៣ទាបភ្លឺ ខ្ញុំឈឺបត់ជើតតូចខ្លាំងពេកក៏ភ្ញាក់។ បន្ទប់ទឹកនៅខាងក្រោមផ្ទះ ដោយអារម្មណ៍របស់ខ្ញុំនៅដិតដាមនូវអ្វីដែលខ្ញុំបានឃើញពីក្បាលព្រលប់ ខ្ញុំបានសម្រេចចិត្តដាស់អ្នកគ្រូដើម្បីទៅជាមួយខ្ញុំ។ អ្នកគ្រូបានយល់ព្រមទៅជាមួយខ្ញុំ។ គាត់ស្រវារកពិលដែលនៅលើក្បាលដំណេក និងបានដឹកដៃរបស់ខ្ញុំចុះទៅរកបន្ទប់ទឹក។ អ្នកគ្រូឈរនៅមុខបន្ទប់ទឹក រង់ចាំខ្ញុំទាំងយកដៃខ្ទប់មាត់ស្ងាប។ នៅពេលអង្គុយបត់ជើងតូចរួច ខ្ញុំបានឃើញអ្នកគ្រូវណ្ណី ផ្អែកខ្លួនគេងនៅក្បែរមាត់ទ្វារ។ ខ្ញុំព្យាយាមដាស់អ្នកគ្រូដែរ ប៉ុន្តែគាត់ពុំភ្ញាក់សោះ។
ខណៈពេលនោះខ្ញុំក្រលៀសភ្នែកទៅចំហៀងផ្ទះ ស្រាប់តែឃើញបងប្រុសរបស់ខ្ញុំកាត់ចង្កៀងប្រេងកាតភ្លឺប្លុងៗ ដើរសំដៅទៅមាត់បឹងខាងលើនៃទឹកជ្រោះ។ ខ្ញុំក៏បានដើរតាមគាត់ពីក្រោយ និងស្រែកហៅគាត់ តែគាត់មិនងាកក្រោយឡើយ ហើយថែមទាំងដើរកាន់តែលឿន។ ជិតដល់មាត់បឹង ដោយមេឃងងឹត ខ្ញុំចេះតែមើលសងខាងខ្លួន និងងាកទៅក្រោយ។ ពេលបែរត្រឡប់មកវិញ ខ្ញុំបានឃើញមនុស្សប្រុសខ្មៅម្នាក់មាឌក្រអាញ ដៃកាន់ដំបងធំមួយ ហៅខ្ញុំឲ្យទៅលេងនៅខាមុខនោះ។ ខ្ញុំមើលតាមដៃដែលម្នាក់ប្រុសនេះចង្អុលឃើញនៅទីឆ្ងាយនៃព្រៃមានពន្លឺភ្លឺ ហើយឮសម្លេងភ្លេង និងចម្រៀងដូច គេរាំច្រៀង។ ដំបូងខ្ញុំចង់ទៅតាមម្នាក់ប្រុសនោះដែរ តែឮសម្លេងបងប្រុសរបស់ខ្ញុំហៅល្វើយៗនៅព្រៃម្ខាងទៀត។ ខ្ញុំក៏បានប្រាប់ទៅបុរសខ្មៅកាន់ដំបងនោះថា ខ្ញុំមិនទៅទេ បងប្រុសរបស់ខ្ញុំកំពុងតែរកខ្ញុំ។
បុរសនោះនៅតែទទូចហៅខ្ញុំឲ្យទៅជាមួយ និងបានចាប់ដៃរបស់ខ្ញុំ ។ ប៉ុន្តែដោយខ្ញុំរើខ្លាំង ទើបខ្ញុំអាចរួចខ្លួននឹងរត់មកចេញបាន និងរត់សំដៅទៅរកសម្លេងបងប្រុសរបស់ខ្ញុំ។ ម្នាក់ខ្មៅហ្នឹងដេញតាមខ្ញុំពីក្រោយ ដោយខ្លួនរបស់គាត់កាន់តែរីកធំឡើងៗ នៅពេលនោះខ្ញុំភ័យណាស់ ហើយរត់កាន់តែលឿនក៏ទៅដល់កន្លែងមួយមានពន្លឺភ្លឺចិញ្ចាច។ មនុស្សប្រុសខ្មៅបានប្រែជាតូចវិញ និងហៅឲ្យខ្ញុំត្រឡប់ទៅជាមួយគាត់វិញ ដោយប្រាប់ថា «ទៅនៅកន្លែងនោះសប្បាយណាស់ ថែមទាំងស្អាតទៀតផង»។ ខ្ញុំបម្រុងបកក្រោយដែរ ស្រាប់តែឮសម្លេងម៉ាក់របស់ខ្ញុំហៅឈ្មោះខ្ញុំល្វើយៗខាងក្នុងពន្លឺទើបខ្ញុំដាច់ចិត្តដើរចូលក្នុងពន្លឺនោះ។
ចូលដល់ក្នុងពន្លឺ ធ្វើឲ្យខ្ញុំបើកភ្នែពុំរួចទេដោយសារពន្លឺសនោះចាំងខ្លាំងពេក ប៉ុន្តែក្រោយពេលដែលខ្ញុំព្យាយាមបើកភ្នែកក៏ឃើញហាក់ដូចជា មុខរបស់ម៉ាក់ខ្ញុំ។ ក្រោយបើកភ្នែកបានពេញលេញ ទើបខ្ញុំដឹងថា ម្នាក់ប្រុសខ្មៅដែលខ្ញុំបានឃើញនោះស្ថិតក្នុងយល់សប្តិសោះ។ ពេលនេះខ្ញុំកំពុងតែនៅក្នុងផ្ទះរបស់ខ្ញុំ ហើយក្បាលរបស់ខ្ញុំដូចជា ឈឺខ្លាំងណាស់។ នៅពេលដែលខ្ញុំដឹងខ្លួន និងជាសះស្បើយ បងប្រុសរបស់ខ្ញុំបានប្រាប់ថា គាត់ឃើញខ្ញុំដើរសំដៅទៅរកបឹងធំមួយក្បែរទឹកជ្រោះ បម្រុងនឹងចុះតែគាត់ចាប់ខ្ញុំទាន់ពេល តែខ្ញុំមិនដឹងខ្លួនឡើយ។ ដោយសារតែខ្ញុំរវើរវាយនិយាយផ្ដេសផ្ដាសរហូត នៅយប់នោះម្នាក់ៗបានបណ្ដាក់គ្នាយាមទល់ភ្លឺ។ ព្រឹកឡើងក៏យករូបខ្ញុំដាក់តាមឡានត្រឡប់មកផ្ទះវិញ។
ចាប់ពីថ្ងៃនោះមកខ្ញុំមិនហ៊ានទៅគិរីរម្យអស់រយៈពេលច្រើនឆ្នាំ តែក្នុងអំឡុងពេលនេះខ្ញុំចេះចង់ទៅវត្តធ្វើបុណ្យឲ្យម្ចាស់កម្ម ហើយមាត់របស់ខ្ញុំក៏លែងអត់គម្របដូចមុនទៀតហើយ។ ខ្ញុំខំតែរៀនរហូតប្រឡងជាប់បាក់ឌុបឆ្នាំ២០១៤។
ពីពេលនោះមក ខ្ញុំស្រឡាញ់ម៉ាក់ប៉ា និងបងប្រេុសរបស់ខ្ញុំខ្លាំងជាងមុន ទោះពេលខ្លះគាត់និយាយច្រើនតែក៏ដើម្បីឲ្យខ្ញុំល្អ។ ឆ្នាំ២០១៤នេះផងដែរ ខ្ញុំបានទៅលេងគិរីរម្យជាមួយក្រុមគ្រួសាររបស់ខ្ញុំម្ដងទៀតនាថ្ងៃបុណ្យភ្ជុំបិណ្ឌទី២ និងបានធ្វើបុណ្យដាក់បាត្រនៅវត្តវាំងចាស់ ព្រមទាំងសូមខមាទោសនូវពាក្យសម្ដីលើសលួសនៅទីនោះផងដែរ។ នៅយប់ថ្ងៃដែលខ្ញុំត្រឡប់មកពីគិរីរម្យវិញខ្ញុំបានសុបិន្តល្អពេញមួយយប់។
វាជាអ្វីដែលខ្ញុំបានជួប។ ពាក្យចាស់ពោលថា បើមិនជឿកុំប្រមាថ។