មិនជឿកុំប្រមាថ! រាត្រីព្រឺព្រួច ដ៏តក់ស្លុត នៅបឹងចម្ការតែ ភ្នំគីរីរម្យ នាឆ្នាំ ២០១៦

0
1707
Loading...

នៅឆ្នាំ២០១៦ ខ្ញុំ និងមិត្តភ័ក្តិរៀននៅមហាវិទ្យាល័យមួយបានរួមគំនិតគ្នាទៅបោះតង់នៅចម្ការនៅគិរីរម្យ។ ខ្ញុំឈ្មោះ សុវណ្ណ ឯមិត្តរបស់ខ្ញុំមានឈ្មោះ វន្នី, ស៊ីលៀង, សុផល, អាម៉ី, ច័ន្ទរិទ្ធ, មិនា និងមិត្តជាច្រើនទៀតសរុបមានគ្នាប្រហែល ១៥នាក់។

មុនថ្ងៃបោះតង់ ១អាទិត្យ ម្នាក់ៗ មានអារម្មណ៍ច្រួលច្រាលខ្លាំងណាស់ ចង់ឲ្យដល់ថ្ងៃកំណត់ឆាប់ៗទេ។ ក្នុងគ្រុបឆាតមិនដែលចេះស្ងាត់ទេ ម្នាក់ៗស្រមៃតែរឿងទៅបោះតង់ហ្នឹង អ្នកខ្លះត្រៀមសម្លៀកបំពាក់ អ្នកខ្លះទិញចំណីក្រៀមៗទុកញ៉ាំ និងឧបករណ៍ដែលត្រូវប្រើ នៅពេលបោះតង់។ ពួកគេថតអួតគ្នាទៅវិញទៅមក និងជជែកគ្នាសើចពេញក្នុងគ្រុបឆាត ជាពិសេស អាម៉ី ហ្នឹងតែម្ដង ជាមនុស្សដែលជ្រួលច្របស់ជាងគេជាងឯង ហើយមានមុខក្នុងឆាតរហូត។

មួយសប្ដាហ៍បានកន្លងទៅព្រឹកស្អែកជាថ្ងៃ នៃគ្រោងការបោះតង់ យប់នេះម្នាក់ៗមិនព្រមដេកមិនពួនទេ គិតតែពីលេងឆាត ដោយសន្យាថានឹងលេងឆាតរហូតដល់ម៉ោង២ ទើបឈប់ ចំណែកខ្ញុំវិញមិនបាននៅលេងជាមួយគេរហូតដល់យប់ជ្រៅទេ។ ខ្ញុំគេងតាំងពីម៉ោង១១កន្លះម្ល៉េះ ដោយសារយប់នេះ ខ្ញុំមានអារម្មណ៍ងងុយគេងប្លែក។ នៅយប់នេះខ្ញុំគេងលក់ស្រួលខ្លាំងណាស់ មិនមានយល់សប្តិឃើញអ្វីឡើយ។

ព្រឹកថ្ងៃបោះតង់បានចូលមកដល់ ម្នាក់ៗល្វើយ គេងស្ទើរតែខកពេលឡើងឡាន ដោយអ្នកខ្លះត្រូវបានខ្ញុំខលដាស់ថែមទៀត ឯអ្នកខ្លះទៀតត្រូវបានលោកគ្រូបូរិនខលដាស់ ហើយត្រូវខលដាស់ពី ១០ ទៅ ២០នាទី ទើបពួកវាក្រោករួចម្នាក់ៗ។ ដូច្នេះពេលវេលាដែលបានកំណត់ត្រឹមម៉ោង១០ ត្រូវទៅដល់ទឹកជ្រោះមុជកម្សាន្ត បានពន្យាពេលរហូតដល់ម៉ោង១២ ទើបបានទៅដល់។ ចំណែកឯការកំណត់ថា មុជទឹកជ្រោះចំបក់ត្រឹមម៉ោង២ ក៏ត្រូវលើកដល់ម៉ោង៤ ទើបដល់ចម្ការតែ។

Image: Angkor Focus Travel

ពេលកម្សាន្តនៅតំបន់ទឹកជ្រោះ អាម៉ី ជាមនុស្សដែលនិយាយច្រើន ប៉ប៉ាច់ និងនិយាយផ្ដេសផ្ដាសច្រើនជាងគេ សុផល ជាអ្នកទី២។ សិស្សរួមថ្នាក់ក៏បានហាមដែរ តែ អាម៉ី នៅតែនិយាយចច្រិចមិនឈប់ ហើយថែមទាំងឌឺឲ្យសិស្សផ្សេងៗ រួមទាំងខ្ញុំទៀតផង។

កាលនោះម៉ោងប្រហែល ៤រសៀល ពួកយើងបានមកដល់ចម្ការតែ ហើយបានរៀបចំបោះតង់ និងចាត់ចែងគ្នីគ្នាដើម្បីធ្វើម្ហូប ព្រមទាំងរកអុសមកបង្កាត់ភ្លើងសម្រាប់ពេលយប់។ ពួកយើងក៏បានទាក់ទងប្រជាការពារភូមិ ដើម្បីចូលរួមជាមួយពួកយើងផងដែរ។

យប់នេះរាត្រីសែនត្រជាក់  ម្នាក់ៗសប្បាយរីករាយឥតឧបមា សិស្សខ្លះច្រៀង ខ្លះរាំ ជួយកំដរបង្កើនបរិយាកាសដោយទះដៃ ខ្លះទៀតក៏លេងហ្គ្រីតតា។ ឯចំណែកខ្ញុំ និង ចន្នី វិញ (ក្រាស់របស់ខ្ញុំ) នៅអង្គុយមុខភ្នក់ភ្លើង អាំងសាច់ និងបង្គា ឲ្យមិត្តរួមថ្នាក់ញ៉ាំ ព្រោះពួកយើងមិនបានជួយសិស្សរួមក្រុមធ្វើម្ហូបឡើយ ដូច្នេះមានតែជួយអាំងសាច់ និងបង្គាដើម្បីបានចែករំលែកការងារក្រុម។

អង្គុយបណ្ដើរខ្ញុំសម្លឹងមុខ ចន្នី បណ្ដើរ កម្លាំងកម្លៅភ្លើង ធ្វើឲ្យមុខនាងមើលទៅក្រហមតិចៗ ឃើញច្បាស់ដោយសារចង្កៀងសូឡារបស់សិស្សរួមក្រុម ធ្វើឲ្យបេះដូងខ្ញុំលោតខុសធម្មតា ចង់ប្រាប់ថា វាចាប់ចិត្តប្រតិព័ទ្ធបេះដូងតូចស្រី។

កំពុងតែរ៉ូមែនទិច ម៉ោង ៧:១៥នាទីយប់បើតាមខ្ញុំចាំ នាពេលនោះ អាម៉ី ចាប់ផ្ដើមមានអាការៈមិនស្រួលក្នុងពោះ នាងនិយាយថា មានអាការៈវិលមុខដូចកល់ចង់ក្អួត។ ដូច្នោះលោកគ្រូបានយកទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មាឲ្យនាងផឹក។ ផឹកប្រហែលបាន ១៥នាទី អាម៉ី ប្រាប់ថា នាងមានអារម្មណ័ស្រួលឡើងវិញហើយ ដោយសារតែនាងបានបែកញើសពេញខ្លួនផង។ បន្ទាប់ពី អាម៉ី ស្រួលខ្លួនឡើងវិញ នាងក៏មកអង្គុយអាំងសាច់ជាមួយខ្ញុំ និង ចន្នី ។ ចន្នី នាងអាំងសាច់បណ្ដើរសម្លឹងមុខ អាម៉ី បណ្ដើរ។

ខ្ញុំមើលទៅក្រសែភ្នែករបស់ ចន្នី សម្លឹងទៅ អាម៉ី ហាក់ប្លែកៗយ៉ាងម៉េចមិនដឹងទេ? កាលនោះខ្ញុំគិតថា ចន្នី អាចនឹងប្រច័ណ្ឌខ្ញុំជាមួយ អាម៉ី ព្រោះ អាម៉ី អាំងសាច់បណ្ដើរលេងចាប់ដៃចាប់ជើងខ្ញុំបណ្ដើរ។ មួយសន្ទុះក្រោយមក ចន្នី បានដើរចេញឈប់យ៉ាងលឿន ហើយដើរសំដៅទៅរកភ្នក់ភ្លើងកន្លែងគេរាំង និងអង្គុយក្បែរលោកគ្រូ បូរិន វិញ។

អាម៉ី និយាយថា នោះគេខឹងហើយ ទៅលួងគេទៅ ទៅ ចាំខ្ញុំនៅអាំងសាច់ជំនួសក៏បាន (និយាយបើកវង់ក្រចកបន្តិច អាម៉ី ដឹងថា ខ្ញុំស្រឡាញ់ ចន្នី)។ នៅពេលនោះខ្ញុំធ្វើចរិតប្រុសស្អាតដែរ មិនព្រមទៅលួងនាងទេ ខ្ញុំនៅអាំងសាច់ជាមួយ អាម៉ី ​និងនិយាយលេងសើចក្អាកក្អាយធ្វើមិនដឹង។ ម៉ោងប្រហែល ៨ សុផល ស្រាប់តែមានអាការៈមិនស្រួលដូច អាម៉ី ដែរ។

លោកគ្រូបានឲ្យញ៉ាំទឹកឃ្មុំជាមួយ ក្រូចឆ្មាដូចមុន ប៉ុន្តែលើកនេះប្លែកត្រង់ថា បន្ទាប់ពីគាត់ឲ្យ សុផល ញ៉ាំរួច គាត់រៀបចំម្ហូបអាហារដាក់ចានធ្វើជាសំណែន មិនដឹងជាគាត់គិតសែនឲ្យនរណាទេ។ ប្រមាណជា ១០នាទីក្រោយ សុខភាពរបស់ សុផល បានប្រែជាប្រក្រតីវិញ ម្នាក់ៗបានធូរចិត្តឡើងវិញបន្តិច។

ខ្ញុំក៏ត្រឡប់មកកន្លែងអាំងសាច់វិញតែបែរជាបាត់ អាម៉ី ឈឹង មិនដឹងនាងទៅណា? ពេលនោះខ្ញុំគិតក្នុងចិត្តថា នាងប្រហែលជាទៅបត់ជើងតូចហើយ។ មួយសន្ទុះក្រោយ ខ្ញុំបានឮសម្លេងលោកគ្រូ បូរិន ស្រែកសួរទៅសិស្សគ្រប់គ្នាថា មាននរណាឃើញ ចន្នី ទេ?

ខ្ញុំគិតក្នុងចិត្តថា ប្រហែលជា អាម៉ី ខ្លាចខ្មោច ហើយក៏បបួល ចន្នី ទៅបត់ជើងតូចជាមួយគ្នាក៏មិនដឹង ព្រោះពួកគេជាមិត្តជិតស្និទ្ធនឹងគ្នា។ គិតដូច្នោះរួចខ្ញុំក៏ស្រែកប្រាប់លោកគ្រូថា លោកគ្រូ! អាម៉ី ក៏បាត់ដែរ ប្រហែលជា ចន្នី នាំ អាម៉ីទៅបត់ជើងតូចទេដឹង? ឬក៏អាចថា ពួកគេទៅបត់ជើងតូចជាមួយគ្នាក៏មិនដឹង?

ក្រោយពីលោកគ្រូ បូរិន ឮថា អាម៉ី ក៏បាត់ខ្លួនដែរ គាត់មានការភ្ញាក់ផ្អើលខុសប្រក្រតី។ គាត់បានប្រាប់ឲ្យគ្រប់គ្នាដើររក អាម៉ី និង ចន្នី នៅក្បែរម្ដុំនេះឲ្យប្រញាប់។ សិស្សគ្រប់គ្នាស្រវេស្រវាក្រោកភ្លាមៗ ដោយមិនមាននរណាចាប់អារម្មណ៍នឹងកិរិយាប្លែករបស់លោកគ្រូឡើយ ហើយពួកគេបានចែកគ្នាជា ៤ក្រុមដើម្បីស្វែងរកអ្នកទាំង២នាក់ (អាម៉ី និងចន្នី)។

ឯខ្ញុំវិញសុំដើររក២នាក់ហ្នឹង ជាមួយលោកគ្រូ។ ដើរតាមផ្លូវខ្ញុំសួរលោកគ្រូថា តើមានរឿងអ្វី? ហើយចាំបាច់ដើររកពួកគេធ្វើអីលោកគ្រូ? និយាយចប់មិនទាន់ស្រួលផង ស្រាប់តែខ្ញុំឮសម្លេងមនុស្សស្រីស្រែកពីព្រៃខាងឆ្វេងដៃ ដែលជាផ្លូវទៅកាន់ទឹកជ្រោះ។

លោកគ្រូ បូរិន បានរត់យ៉ាងលឿន សំដៅរកសម្លេងមនុស្សស្រីម្នាក់នោះ ខ្ញុំក៏បានរត់តាមពីក្រោយលោកគ្រូយ៉ាងលឿនដែរ។ រត់យូរៗទៅ ខ្ញុំឮសម្លេងកាន់តែច្បាស់ សម្លេងនោះជាសម្លេង ចន្នី តែពេលរត់ជិតដល់សម្លេង ស្រាប់តែស្ងាត់មាត់នាងឈឹង។ ខ្ញុំនឹងលោកគ្រូបានចែកផ្លូវគ្នាតាមរកប្រភពសម្លេងបន្ត។

តាមផ្លូវរត់ទៅរកនាងខ្ញុំស្រាប់តែមានអារម្មណ៍ព្រឺរោមម៉េចមិនដឹងទេ ប៉ុន្តែយ៉ាងណាដោយចិត្តគិតបារម្ភពី ចន្នី ខ្ញុំមិនខ្វល់ច្រើននោះទេ ក៏រត់បន្ត។

ខ្ញុំរត់រកបានបន្តិចស្រាប់តែឃើញស្រមោលព្រាលៗនៅខាងមុខដូចជា មានមនុស្ស ២នាក់។ ពេលដែលខ្ញុំឈួលពិលទៅក៏ឃើញជាក់ថា អាម៉ី កំពុងច្របាច់ក ចន្នី សង្កត់នាងទៅលើដី។ ឃើញបែបនេះមិនបង្អង់ទេ ខ្ញុំក៏រត់ទៅយ៉ាងលឿន សំដៅទៅរកចាប់ អាម៉ី ដើម្បីទាញចេញ ព្រមទាំងស្រែកប្រាប់លោកគ្រូ បូរិន បណ្ដើរថា ‍”លោកគ្រូ អាម៉ី និងចន្នី នៅទីនេះ លោកគ្រូ អាមុី និងចន្នី នៅទីនេះ មកជួយផង”។

ពេលរត់ទៅដល់ក្បែរពួកគេខ្ញុំព្យាយាមខ្វេះដៃ អាម៉ី ចេញពីករបស់ ចន្នី ប៉ុន្តែដៃនាងស្អិតខ្លាំងដូចកាវ ៥០២ អញ្ជឹង ហើយអ្វីដែលប្លែកកម្លាំងរបស់នាងខ្លាំងជាងខ្ញុំឆ្ងាយណាស់ ។ ខ្ញុំបានស្រែកកាន់តែខ្លាំងដើម្បីឲ្យលោកគ្រូប្រញាប់មកជួយឲ្យលឿន ព្រោះខ្លាចកើតរឿងធំ។ មួយសន្ទុះក្រោយមកលោកគ្រូបានមកដល់ ហើយបានចាប់ទាញ អាម៉ី ព្រមទាំងបានដកដៃ អាម៉ី ចេញពីករបស់ ចន្នី បានទាន់ពេល កុំអីមិនដឹងទៅជាយ៉ាងណាទេ។

ចាំថា សភាពនៅពេលនោះមុខដ៏សរលោងរបស់ ចន្នី ប្រែជាក្រហមក្រមៅ និងគេងលែងកម្រើក ខ្ញុំភ័យណាស់ពេលហ្នឹង។ ឯ អាម៉ី គិតតែពីស្រែកថា “អ្ហែងលែងអញភ្លាម… បើមិនអញ្ជឹងទេ អញនឹងយកអ្ហែងជំនួស… កាច់កអ្ហែងទាំងអស់គ្នាហ្នឹង.. មិនឲ្យអាណាមួយនៅរស់ទេ”។ ខ្ញុំភ័យណាស់ មិនដឹងធ្វើម៉េចទេ? ព្រោះ ចន្នី នាងមិនកម្រើកឡើយ។ បន្តិចក្រោយមកលោកគ្រូក៏ស្រែកថា ហើយម៉េចមិនធ្វើចលនាដង្ហើមឲ្យនាងភ្លាមទៅ ឯងចង់ឲ្យនាងស្លាប់មែន?

លោកគ្រូស្រែក ស្របពេលដែលដៃរបស់គាត់ចាប់ក្រៀក អាម៉ី យ៉ាងជាប់ ហើយនាងរើយ៉ាងខ្លាំង ដូចជាមិនមែនមនុស្សស្រី។ ខ្ញុំបានអោនបំរុងនឹងធ្វើចលនាខ្យល់ដង្ហើមឲ្យ ចន្នី ប៉ុន្តែស៊យវិញ នាងបែរជាភ្ញាក់ដឹងខ្លួនវិញបាត់ ឯប្រជាការពារភូមិ និងសិស្សរួមថ្នាក់ក៏បានមកដល់ល្មម។ ខ្ញុំក៏បានចាប់បី ចន្នី រត់ទៅរកភ្នក់ភ្លើងនៅកន្លែងបោះតង់ ព្រោះខ្លួនរបស់នាងត្រជាក់ខ្លាំង។

នៅពេលនោះខ្ញុំមិនដឹងថា គេធ្វើអ្វីលើ អាម៉ី ខ្លះទេ ដោយសារខ្ញុំភ័យខ្លាំងពេកនៅក្នុងចិត្តគិតត្រឹមតែត្រូវយក ចន្នី ទៅដាក់នៅក្បែរគប់ភ្លើងឲ្យខានតែបាន។ ក្រោយពី ចន្នី បានស្រួលខ្លួនឡើងវិញ នាងបានប្រាប់ពីហេតុការណ៍ថា៖ នាងបានឃើញ អាម៉ី បើកភ្នែកធំៗសម្លក់រកនាងក្នុងអាការៈចម្លែក និង គួរឲ្យខ្លាច ដូចចង់ស៊ីសាច់នាងអញ្ជឹង ខណៈពេលកំពុងតែអាំងសាច់។

ហេតុនេះហើយទើបនាងដើរចេញទៅប្រាប់លោកគ្រូ បូរិន ។ ពេលនាងប្រាប់ចប់ មួយសន្ទុះស្រាប់តែ សុផល ​បែរជាមានអាការៈដូច អាម៉ី អញ្ជឹង។ ខណៈពេលដែលម្នាក់ៗចាប់អារម្មណ៍តែទៅលើ សុផល ស្រាប់តែ អាម៉ី បានដើរយ៉ាងលឿនសំដៅទៅរកទឹកជ្រោះចម្ការតែ។ នាងបន្តថា ឃើញសភាពមិនស្រួល នាងក៏បានដើរតាមពីក្រោយ តែដើរបានបន្តិច អាម៉ី ក៏បកក្រោយយ៉ាងលឿន រត់មករកនាង ហើយខ្ទប់មាត់ ព្រមទាំងអូសនាងទៅក្នុងព្រៃ។ នាងចាំថា អាម៉ី និយាយបែបនេះ “នាងឯងចង់ទៅងាប់ជាមួយអញមែនអ្ហា?” ស្របពេលជាមួយគ្នានោះចំពេលដែល ខ្ញុំ និងលោកគ្រូបានទៅដល់ក្បែរនោះល្មម ហើយជួយនាងខណៈដែល អាម៉ី បានច្របាច់កនាង។

នាយប់នោះគេបានចាប់ចង អាម៉ី បន្ទាប់មក សុផល មានអាការៈស្រដៀងនឹង អាម៉ី ក៏ត្រូវបានចាប់ចងផងដែរ ប៉ុន្តែ សុផល ជាប្រុសកម្លាំងខ្លាំងដូច យក្ស បើកភ្នែកក្រហមថ្លែសម្លឹងគ្រប់គ្នា ហើយសិស្ស ១០នាក់ ចាប់ស្ទើរតែមិនឈ្នះ។ ពួកគេទាំង ២នាក់និយាយថា បើពួកអ្ហែង មិនលែងអញទេ? អញ នឹងកាច់កពួកអ្ហែង ទាំងអស់មិនឲ្យអាណាមួយមានជីវិតរស់ទៅវិញឡើយ? អញចង់យកតែ អាម៉ី សុផល និងចន្នី ទេ ព្រោះអាបីនាក់នេះ វារំខានដល់កន្លែងអញ។ ពួកគេនិយាយបើកភ្នែកធំៗ និងធ្វើអាការៈប្លែកៗ មើលសភាពមិនស្រួល លោកគ្រូ បូរិន ក៏យកក្រណាត់អាវយឺតញុកមាត់អ្នកទាំងពីរ ព្រោះខ្លាចពួកគេខាំអណ្ដាត។

យប់នោះម្នាក់ៗគ្មាននរណាបានដេកទេ រួមទាំងប្រជាការពារភូមិផង។ សិស្សទាំងអស់ចាំយាមអ្នកទាំង៣ ប៉ុន្តែ ចន្នី មិនមានអាការៈដូច គេទាំង ២ ឡើយ (ទាំងពីរនោះ គឺនិយាយសំដៅលើ អាម៉ី និងសុផល)។ គ្រាន់តែនាងប្រាប់ថា នាងបានឃើញប្រុសសម្បុរខ្មៅស្រិល មានមាឌក្រអាញបំរុងមកចាប់ នាង សុផល និង អាម៉ី យកទៅទម្លាក់ទឹកជ្រោះ។ ប្រុសម្នាក់នេះមានមុខមាត់ដូចមិនមែនមនុស្ស មានភ្នែកធំៗពណ៌ក្រហម សម្លឹងថ្លែមករកយើង គួរឲ្យខ្លាចណាស់ ព្រមទាំងមុខមាំកាចថែមទៀតផង ដើរជុំវិញកន្លែងបោះតង់របស់យើង។

ព្រឹកថ្ងៃបន្ទាប់ អាម៉ី និង សុផល ត្រូវបានបញ្ជូនទៅកាន់ភ្នំពេញ ដោយឡានបានជូនដល់ផ្ទះពួកគេ។ ចំណែក ចន្នី ក៏ត្រូវបងថ្លៃរបស់នាងយកទៅផ្ទះ ព្រោះប៉ាម៉ាក់របស់នាងនៅខេត្ត។ ចាប់តាំងពីថ្ងៃនោះមកខ្ញុំលែងបានឃើញនាងឡើង ២ខែ តែខ្ញុំជិះកាត់ផ្ទះនាងរាស់ថ្ងៃ ព្រោះចង់ឃើញមុខខ្លាំងណាស់។

សម្រាប់ អាម៉ី និង សុផល វិញ ត្រូវបានផ្លាស់ប្ដូរសាលា ដោយសារឪពុកម្ដាយ និងបងប្រុសរបស់គេទាំង២នាក់ខឹងអំពីរឿងកាលពីយប់នោះ បន្ទាប់ពីពួកគេបានធូរស្រាល។ ឆ្នាំ២០១៨ ខ្ញុំ និង ចន្នី បានរៀនចប់ទាំងពីរនាក់ ហើយទទួលបានការងារនៅកន្លែងតែមួយថែមទៀតផង (ពិតជាគូព្រេងមែន)។ ក្រោយមក យើងបានភ្ជាប់ពាក្យនៅឆ្នាំបន្ទាប់ ក៏គិតថានឹងរៀបការនៅឆ្នាំបន្ទាប់ ប៉ុន្តែចៃដន្យអីដល់សម័យ កូវីដ-១៩ ចូលមកដល់ ក៏ត្រូវផ្អាកសិន។

ទោះយ៉ាងណា យើងស្រឡាញ់គ្នាខ្លាំងណាស់ ហើយក៏ព្យាយាមធ្វើបុណ្យរួមគ្នាជាប្រចាំដល់អ្នកដែលមើលមិនឃើញ ឬក៏អមនុស្ស នាយប់នោះ។

មានពេលខ្លះខ្ញុំបាននាំ ចន្នី ឡើងភ្នំគិរីរម្យដើម្បីធ្វើបុណ្យឲ្យសភាវៈអាក្រក់ផងដែរ ព្រមទាំងសូមខមាទោសនូវរាល់កំហុសដែលពួកយើងបានធ្វើខុសដោយអចេតនាទៅលើពួកគេ។

ប្រសិនបើអ្នកមិនចង់ជួបរឿងដូចជា ខ្ញុំ ចន្នី អាម៉ី និងសុផល សូមលោកអ្នកធ្វើការខមាទោស នៅពេលទៅដល់ទឹកដីណាមួយ ឬក៏ក្នុងព្រៃ ក្រែងលោអ្នកបានប៉ះទង្គិចដល់សភាវៈអាក្រក់ អមនុស្ស ឬវត្ថុស័ក្តិសិទ្ធិ ដែលស្ថិតនៅទីនោះ។

ខ្ញុំក៏សូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែក្ដីសុខគ្រប់គ្រា គ្រប់ទីកន្លែង!