ខេត្តត្បូងឃ្មុំ៖ យោងតាមអង្គការ WWF បានឲ្យដឹងថា សត្វផ្សោត មួយក្បាលត្រូវបានប្រទះឃើញស្លាប់ នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
តាមសេចក្ដីថ្លែងការណ៍របស់អង្គការ WWF បានឲ្យដឹងថា សាកសពរបស់សត្វផ្សោតនេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិតបានប្រទះឃើញអណ្ដែតលើដងទន្លេកាលព្រឹកមិញ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
បន្ទាប់ពីបានអញ្ញើញទៅដល់ទីតាំងកើតហេតុ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានពិនិត្យ និងកោសល្យវិច្ឆ័យសាកសព ដែលនៅមានសភាពស្រស់នៅឡើយ ដោយបានសន្មត់ថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ប្រមាណជារយៈពេលពីរថ្ងៃហើយ។ លទ្ធផលនៃការវិភាគបឋម បានបង្ហាញថាសត្វផ្សោតដែលស្លាប់នេះជាកូនផ្សោតឈ្មោល ដែលមានអាយុប្រមាណជា ៧ថ្ងៃប៉ុណ្ណោះ ហើយទម្ងន់ ១២គីឡូក្រាម និងមានប្រវែង ១០៣សង់ទីម៉ែត្រ។
ក្រុមជំនាញបានផ្ដល់ព័ត៌មានបឋមថា ការវិភាគមិនបានរកឃើញស្លាកស្នាមនៃការរងរបួសលើរាងកាយ ឬសញ្ញានៃការជាប់នឹងមងនេសាទទេ ហើយបានសន្មត់ជាបឋមថាសត្វផ្សោតនេះបានស្លាប់ដោយមិនដឹងមូលហេតុពិតប្រាកដ។ ក្រុមអ្នកជំនាញបានផ្ទេរសាកសពសត្វផ្សោតទៅរក្សាទុកនៅទីតាំងមួយសមស្របសម្រាប់ធ្វើការប្រមូលសំណាកចាំបាច់ពីសាកសព ដើម្បីបន្តការអង្កេតវិភាគបន្ថែមទៀតក្នុងគោលបំណងកំណត់ពីមូលហេតុនៃការស្លាប់។
ការជាប់នឹងមងនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងជាមូលហេតុចំបងៗដែលបណ្ដាលឲ្យសត្វផ្សោតពេញវ័យស្លាប់។ ដោយឡែក មូលហេតុនៃការស្លាប់របស់កូនសត្វផ្សោតនៅមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រអាចកំណត់ឲ្យបានច្បាស់លាស់នៅឡើយដែលជាកត្តាធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការរស់រានរបស់សត្វផ្សោតប្រភេទដ៏សំខាន់ជាំសកលមួយនេះទៅថ្ងៃអនាគត។
គេចាំបាច់ត្រូវអនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឲ្យខ្លាំងបន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គឲ្យរួចផុតពីការបាត់បង់ ស្របពេលដែលលទ្ធផលនៃការធ្វើជំនឿចុងក្រោយបង្អស់បានបង្ហាញថាមានសត្វផ្សោតតែចំនួន ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា៕