ខេត្តព្រះសីហនុ៖ ជនសង្សយ័ជាជនជាតិចិន២នាក់ ដែលបើករថយន្តបុកចូលរោងកម្មករស្នាក់នៅ បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់ ត្រូវបាននគរបាលចរាចរណ៍បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះជនសង្សយ័ទាំង២ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុចេញដីកា បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត ព្រះសីហនុហើយ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បើយោងតាមរបាយការណ៍ពីនគរបាលបញ្ជាក់ថា ជនសង្សយ័ជនជាតិចិនទាំង២នាក់ បានបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កាលម៉ោង ១២:២៥នាទីរំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវ ១៤៩C (ផ្លូវបំបែក៦០ម៉ែត្រ) ត្រង់ចំណុចចំណោតទី២អាឡាំងឌឺឡុង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
រថយន្តម៉ាក COLORADO ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AZ-0264 (រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មានអ្នករួមដំណើរម្នាក់ឈ្មោះ ZHANG QI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិនដូចគ្នា ដែលអ្នកទាំងពីរគឺជាបុគ្គលិកក្រុមហ៊ុនបេតុង អ៊ុយប៉ាង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបុកចូលរោងកម្មករកំពុងសម្រាកលង់លក់ ដែលមានចម្ងាយចេញពីផ្លូវប្រហែល ជាង១០ម៉ែត្រ បណ្ដាលឲ្យបុរស ស្ត្រី២នាក់ប្តី ប្រពន្ធស្លាប់ ក្នុងនោះស្ត្រីជាភរិយាឈ្មោះ ឆាន រី អាយុ៤៧ឆ្នាំស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសជាប្តីឈ្មោះ នឹម អៀបអាយុ៤៧ឆ្នាំដូចគ្នា ស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ជនរងគ្រោះទាំងពីរនាក់ ប្ដីប្រពន្ធក្រោយពេលស្លាប់ បានបន្សល់ទុកកូនៗចំនួន៣នាក់នៅក្នុងបន្ទុក ដែលបច្ចុប្បន្ន សមត្ថកិច្ចកំពុងដោះស្រាយការងារបន្តជូនជនរងគ្រោះតាមនិតិវិធីច្បាប់៕ ប្រភព៖ហ្វេសប៊ុក Huy Bunleng