ហុងកុង៖ ទស្សនិកជនខ្មែរ ដែលនិយមរឿងភាគហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB ហាក់សម្តែងការសោកស្តាយ ពេលបានទទួលដំណឹងថា តារាសម្តែងប្រុសជើងចាស់គឺលោក Savio Tsang បានទទួលមរណភាពក្នុងវ័យ៥៨ឆ្នាំ ដោយសារជំងឺមហារីកសួត។
តារាប្រុសជើងចាស់វ័យ ៥៨ឆ្នាំរូបនេះ បានប្រយុទ្ធនឹងជំងឺមហារីកសួត តាំងពីដើមឆ្នាំនេះមកម៉្លេះ ប៉ុន្តែលោកមិនធ្លាប់បង្ហាញសាធារណជនឲ្យបានដឹង ពីស្ថានភាពជំងឺរបស់លោកឡើយ ហើយថែមទាំងសន្និដ្ឋានខ្លួនឯងថា គ្រាន់តែជាបញ្ហាសួតបន្តិចបន្តួចប៉ុណ្ណោះ។
ជាអកុសល គាត់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយមកស្រាប់តែមានសេចក្តីរាយការណ៍ថា តារារូបនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារជំងឺមហារីកសួត កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលដំណឹងនេះ ត្រូវបានតារាស្រី Candy Man បញ្ជាក់តាមសារលើបណ្តាញសង្គមហ្វេសប៊ុក។
គួរឲ្យដឹងថា លោក Tsang បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៨២ ជាមួយការសម្តែងរឿង «នាគពីរសម្តែងរិទ្ធិ» ជាតួចិត្តអាក្រក់ និងបានចូលធ្វើការនៅស្ថានីយទូរទស្សន៍ TVB នៅ ឆ្នាំ១៩៩០។ តែយាងណា លោក Tsang ដែលភាគច្រើនដើរជាតួចិត្តអាក្រក់រូបនេះបានចាកចេញពី TVB នៅឆ្នាំ ២០១២ ហើយក៏បានត្រឡប់មកវិញក្នុងឆ្នាំ ២០១៥៕