រដ្ឋាភិបាលប្រទេសចិន បានផ្តល់នូវសម្ភារ និងបរិក្ខារ ដែលកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមក្រសួងបរិស្ថាន។
សម្ភារ និងបរិក្ខារទាំងនោះមានដូចជា អំពូលសូឡាចំនួន២.៨០០គ្រឿង, អំពូលផ្ទាំងសូឡាចំនួន២០០កំផ្លេ, និងម៉ូតូអគ្គិសនីចំនួន២០០គ្រឿង ត្រូវបានដឹកមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណៈ។
ឯកឧត្តម បានឱ្យដឹងថា ជំនួយជាសម្ភារ និងបរិក្ខារ សម្រាប់ជួយកាត់បន្ថយការបញ្ចេញកាបូនទាំងនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម មានប្រសាសន៍ថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព»៕