អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។ នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើដើមឈើដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងខណៈនោះដែរ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុង ក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ អង្កការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ថា WCS នៅមុនបន្តិច។
ក្នុងហ្វូងនោះមានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតា ហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ ប្រមាណថា មានដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយ ការបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រ ណាស់។
ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារ ធម្មជាតិ។ ក៏ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ ដំរីទាំងនេះ មិនសប្បាយចិត្តនិងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ៕