ដំណឹងល្អសម្រាប់អ្នកចង់ជួប Sai ចង់រត់ជាមួយSai ឬចង់ចូលរួមថវិកាដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ នៅព្រឹកស្អែកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ Sai នឹងរត់ឆ្លងកាត់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាកំណាត់ផ្លូវរត់ដ៏ស្រស់ស្អាតជាងគេមួយ ដោយឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន អមទៅដោយម្លប់ដើមឈើធំៗនៃឧទ្យានអង្គរ មុននឹងបន្តដំណើររហូតទៅដល់ព្រំប្រទល់ជាមួយស្រុកសូទ្រនិគម។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់។
លោកបន្ថែមទៀតថា ការរត់អមជាមួយSai នឹងចាប់ផ្តើមពីមុខព្រះអង្គចេកព្រះអង្គចមនៅក្នុងក្រុងសៀមរាបក៏បាន ឬទៅចាំជួប និងទទួលស្វាគមន៍គាត់នៅក្នុងភូមិព្រះដាក់ក៏បាន។
សម្រាប់ការចូលរួមរត់៖
- ចេញដំណើរពីព្រះអង្គចេកព្រះអង្គចម ម៉ោង ៥:៣០នាទីព្រឹក
- ទៅដល់ និងចេញដំណើរបន្តពីភូមិព្រះដាក់ ម៉ោង៧:៣០នាទីព្រឹក
សម្រាប់ការបរិច្ចាគ៖
ABA: 000 320 555 (Angkor Hospital for Children Limited)
Wing: 03206872 (AHC Patient Contributions)
#រត់ដើម្បីសប្បុរសធម៌ជាមួយសាយ
គួរឲ្យដឹងផងដែរ កាលពីថ្ងៃទី ២៥ ខែវិច្ឆកា ម្សិលមិញនេះ តាមរយៈហ្វេសប៊ុករបស់លោក Sai គាត់បានបង្ហោះនូវវីដេអូមួយនិយាយអំពីអ្វីដែលគាត់បានជួបប្រទះក្នុងកម្មវិធីនៃការរត់ប្រណាំង ប៉ុន្តែគាត់មិនដែលបានរួញរាឡើយ គឺគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាយល់ពីគុណតម្លៃគ្រូពេទ្យ និងមន្ទីរពេទ្យដែលកំពុងធ្វើការស្វាត់ស្វែងព្យាបាលជួយជីវិតកុមារកម្ពុជា។
នេះជាសារទាំងស្រុងរបស់ Sai៖ «នេះគឺជាវីដេអូរំលឹកឡើងវិញនៅផ្លូវដែលពិបាកបំផុតក្នុងកម្មវិធី ហើយក៏ជាមូលហេតុដែលយើងអត់សូវបានថតបានសកម្មភាពទាំងនោះ អ្វីដែលពួកយើងខិតខំធ្វើមកដល់ពេលនេះគឺគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាយល់ពីគុណតម្លៃគ្រូពេទ្យនិងមន្ទីរពេទ្យដែលកំពុងធ្វើការស្វាត់ស្វែងព្យាបាលជួយជីវិតកុមារកម្ពុជា។ ពួកខ្ញុំគ្មានអ្វីក្រៅពីអំពាវនាវឱ្យសប្បុរសជនទាំងអស់ចូលរួមបរិច្ចាគម្នាក់មួយដុល្លារ និងជួយផ្សព្វផ្សាយពីតម្រូវការរបស់មន្ទីរពេទ្យនឹងជួយជ្រោមជ្រែងមន្ទីរពេទ្យក៏ដូចជាធ្វើដើម្បីកុមារកម្ពុជា។ ចូលរួមទាំងអស់គ្នាដើម្បីអនាគតកុមារកម្ពុជា ចូលរួមទាំងអស់គ្នាដើម្បីអនាគតកម្ពុជា។»៕