ក្រសួងសុខាភិបាលបង្ហាញការព្រួយបារម្ភ ដោយសារស្ត្រីខ្មែរក្នុងស្រុកមួយរូប វិជ្ជមានកូវីដ-១៩ ដោយពុំដឹងប្រភព

0
480
Loading...

ក្រសួងសុខាភិបាល បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជាជនជាតិខ្មែរម្នាក់ ដែលមិនមែនជាអ្នកដំណើរ ប៉ុន្តែជាអ្នករស់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ហើយពុំទាន់ដឹងប្រភពថាឆ្លងពីណានោះនៅឡើយទេ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈឃ្លីបសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ស្ត្រីខ្មែររូបនេះ បានចេញរោគសញ្ញាប្រមាណ១០ថ្ងៃមកហើយៗកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ត្រីរូបនេះក៏បានទៅកាន់ផ្សារអ៊ីអន១ ដើម្បីញ៉ាំអាហារ និងទិញអ៊ីវ៉ាន់។ ស្ត្រីរូបនេះក៏បានធ្វើដំណើរទៅខេត្តសៀមរាបមួយរយៈផងដែរ។

លោកជំទាវ យក់ សម្បត្តិ ក៏បានបង្ហាញការព្រួយបារម្ភផងដែរពាក់ព័ន្ធនឹងស្ថានភាពស្ត្រីរូបនេះ ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថាស្ត្រីរូបនេះវិជ្ជមានមេរោគកម្រិតខ្ពស់ណាស់ ហើយបន្ថែមពីនេះទៀត ក្រសួងសុខាភិបាលក៏ពុំទាន់ដឹងថាស្ត្រីរូបនេះបានធ្វើការទំនាក់ទំនងទៅខាងណាខ្លះ ហើយកាន់តែបារម្ភទៅទៀតនោះគឺ ស្វាមីរបស់ស្ត្រីរូបនេះ ក៏ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ហើយដែលបានចូលរួមប្រជុំផ្សេងៗជាមួយនឹងថ្នាក់ដឹកនាំក្រសួងផងដែរ។

ខណៈពេលនេះ ក្រសួងសុខាភិបាល កំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដោយបញ្ជូនក្រុមការងារតាមដាន និងឆ្លើយតបបន្ទាន់ ដើម្បីប្រទាក់ក្រឡាគ្នា ទៅគ្រប់ទីកន្លែង ទាំងខេត្តសៀមរាប និងផ្សារអ៊ីអ៉ន រួមនឹងទីកន្លែងដទៃទៀត ដែលស្ត្រីរូបនេះបានទៅ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមការងារនៅពុំទាន់បានព័ត៌មានគ្រប់គ្រាន់ថាស្រ្តីរូបនេះ បានធ្វើដំណើរទៅកាន់ទីណាខ្លះ ប៉ះពាល់អ្នកណាខ្លះនៅឡើយទេ។ ដោយឡែកក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានទៅយកស្ត្រីរូបនេះមកមន្ទីរពេទ្យដើម្បីព្យាបាល ព្រមទាំងប្រមូលសំណាកក្រុមគ្រួសារទាំងអស់ រួមទាំងអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលទាំងអស់ ដើម្បីធ្វើតេស្តផងដែរ។

គួររម្លឹកថា ព្រឹត្តិការណ៍នេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ព្រោះថាត្រូវស្វែងរក និងតាមដាន គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ហើយរយៈពេលដែលស្តី្ររូបនេះចេញរោគសញ្ញា គឺប្រមាណ១០ថ្ងៃមកហើយ៕ ប្រភព៖ ក្រសួងព័ត៌មាន