ក្រសួងសុខាភិបាល៖ កូវីដ១៩ឆ្លងចូលសហគមន៍លើកដំបូង ខណៈរកឃើញករណីវិជ្ជមាន ៧នាក់បន្ថែម

0
9083
Loading...

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៧នាក់​ និងអ្នកជាសះស្បេីយ​ ០២នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថានេះជាករណីលេីកដំបូងនៃការចម្លងចូលសហគមន៍​ ។

លទ្ធផលនៃការធ្វើតេស្តរបស់ឯកឧត្តម ឆែម សាវុធ គឺវិជ្ជមានកូវីដ ១៩ ។ បន្ថែមពីនេះមានវិជ្ជមាន៤នាក់ថែមទៀតពាក់ព័ន្ធនឹងភរិយាឯកឧត្តម ឆែម សាវុធ ដែលធ្វេីឱ្យ​អ្នកផ្ទុក​សរុបកេីនដល់​៦នាក់​លេីករណី​នេះ​។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ដូច្នេះ បន្ទាប់ពីសម្តេចតេជោបានប្រកាសថាជំងឺកូវីដ១៩ បានឆ្លងចូលសហគមនៅកម្ពុជាហើយ។

គ្រាន់តែមួយថ្ងៃក្រសួងសុខាភិបាលបានរកឃើញមនុស្សដែលពាក់ព័ន្ធសរុប៦នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនបានណែនាំកុំអោយមានការប្រមូលផ្តុំ និងសូមកុំអោយចេញក្រៅផ្ទះ។ សម្តេចតេជោបញ្ជាក់ថា នេះគឺជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា។ សម្តេចតេជោមិនទាន់អោយបិទសាលារៀននៅភ្នំពេញ និង សៀមរាបនៅឡើយទេ។

សម្តេចតេជោ ស្នើសុំបិទផ្សារទំនើបអ៊ីអន១​ មួយរយះពេលសិន ដើម្បីរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត។ សម្តេចតេជោបញ្ជាក់ថា ករណីនេះមានការពាក់ព័ន្ធទីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី​ដោយ​សារ​សម្តេចក្រឡាហោម​ស​ខេង​ បានធ្វេី​ដំណើរ​ទៅខេត្ត​មណ្ឌលគិរី​។

ដោយឡែកក្រៅពីក្រុមគ្រួសាររបស់អ្នកជំងឺ គឺមានសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិទ្ធិ និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ក ។

សម្តេចតេជោស្នើសុំអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រូវជៀសវាងកុំធ្វើការប្រមូលផ្តុំ និងបើមិនចាំបាច់ទេសុំកុំចេញពីផ្ទះ តែសម្តេចតេជោនៅមិនទាន់សម្រេចថាបិទសាលារៀននៅភ្នំពេញ និង សៀមរាបនៅឡើយទេ។ សម្តេចតេជោបញ្ជាក់ថា កម្មវិធីសម្ពោធផ្លូវ​នៅសៀមរាប នឹងប្រព្រឹត្តទៅជាធម្មតា។ សម្តេចតេជោរំពឹងថាពលរដ្ឋនឹងជំនះអោយបានដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។

សម្តេចតេជោបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលក្រុងសៀមរាប និង ថ្នាក់ដឹកនាំមួយចំនួនក៍កំពុងធ្វើចត្តាឡីស័កដែរ។
ភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញនៅថ្ងៃនេះថាផ្ទុកខូវិដ ១៩ ដែលនេះជាមិនមែនជាករណីនាំចូលទេ ធ្វើអោយមន្ត្រីក្រសួងសុខាភិបាលព្រួយបារម្ភជាខ្លាំង។

លោកជំទាវ យក់ សម្បត្តិបានថ្លែងថា គាត់មានរោគសញ្ញាចំនួន១០ថ្ងៃហើយ ហើយគាត់ធ្វើដំណើរចេញចូលភ្នំពេញ សៀមរាប និង បានទៅញ៉ាំអីនៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ បច្ចុប្បន្ននេះគាត់នៅភ្នំពេញ និងកំពុងធ្វើទុក្ខដោយសារហត់ខ្លាំង ។
លោកជំទាវ យក់ សម្បត្តិបានសង្កត់ធ្ងន់ថា អ្វីដែលគួរបារម្ភខ្លាំងបំផុតគឺគាត់មិនមែនជាអ្នកដំណើរទេ គឺជាករណីក្នុងស្រុក។
អស័យដ្ឋានរបស់អ្នកជំងឺគឺនៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ។

ក្រសួងសុខាភិបាលកំពុងស្រាវជ្រាវជាបន្ទាន់ និងបានធ្វើតេស្តលើក្រុមគ្រួសាររបស់គាត់និងអ្នកពាក់ព័ន្ធ ព្រមទាំងនឹងស្នើរសុំធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានជួបប្រជុំជាមួយ ឯកឧត្តម ឆែម សាវុធ។

លោកជំទាវ យក់ សម្បត្តិបញ្ជាក់ថា ករណីនេះគឺត្រូវការទ្រង់ទ្រាយធំណាស់ ដើម្បីរកអ្នកដែលពាក់ព័ន្ធ៕