សត្វពស់ថ្លាន់មួយក្បាល មានទម្ងន់ជិត១០គីឡូក្រាម និងប្រវែង៤ម៉ែត្រ ត្រូវប្រជាពលរដ្ឋចាប់បាននៅក្រោយផ្ទះនៅក្នុងដីចម្ការក្រោយភូមិ ចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រ នៅភូមិរាជានុគោល សង្កាត់ក្រុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ហើយយកមកប្រគេនព្រះសង្ឃនៅវត្តថាឡាបរិវ៉ាត់ កាលពីថ្ងៃទី៣ ខែធ្នូ ដើម្បីយកទៅព្រលែងនៅតំបន់អភិរក្ស សត្វព្រៃ ភ្នំចាបភ្លើង(ហៅភ្នំនាគខៀវ)។
លោកស៊ុន រតនា ជាអ្នកចាប់ពស់នេះបានប្រាប់ថា ពស់ថ្លាន់ជាសត្វស្លូត វាមិនបង្កឱ្យមនុស្សយើងភ័យខ្លាចនោះទេ ហើយលោកចាប់វាយកមកនេះ គ្រាន់តែចង់រក្សាវា កុំឱ្យគេសម្លាប់តែប៉ុណ្ណោះ ព្រោះតាមពិនិត្យមើលវាមានបំណងចូលទៅចាប់មាន់អ្នកស្រុកនៅក្នុងភូមិ។ ប្រសិនបើវាជួបអ្នកផ្សេង ជួនកាលត្រូវគេសម្លាប់ឬចាប់យកទៅលក់ក៍មាន ទើបចាប់វាយកមកប្រគេនព្រះសង្ឃ ដើម្បីយកទៅព្រលែងនៅតំបន់អភិរក្សភ្នំនាគខៀវនៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់។
ព្រះតេជគុណពុទ្ធយ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់ មានសង្ឃដីការថា៖ ពស់ថ្លាន់នេះព្រះតេជគុណ និងគណកម្មការវត្ត នឹងយកទៅលែងវានៅល្ងាចថ្ងៃទី០៣ ខែធ្នូនេះ នៅតំបន់អភិរក្សភ្នំ នាគខៀវ ព្រោះតំបន់នោះមានពពួកសត្វផ្សេងៗរស់នៅច្រើន។
ព្រះតេជគុណ មានសង្ឃដីការបន្តថា៖ សត្វពស់ថ្លាន់ធ្លាប់យកទៅព្រលែងបានចំនួន០៩ក្បាលហើយក្នុងរយៈពេល៤ ទៅ ៥ឆ្នាំកន្លងមកនេះ ក្រៅពីនោះមានសត្វទោច ក្ងោក មាន់ព្រៃ អណ្តើកភ្នំ សត្វជ្រូកព្រៃ ឈ្លូស កេងកង ទីទុយ ឡឡឹក សត្វគក់ ស្វាព្រាម និងស្វាក្រិសផងដែរ ។
សូមបញ្ជាក់ថា៖ ការព្រលែងសត្វនៅតំបន់អភិរក្សបានបង្ហាញឱ្យដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យនាំគ្នាស្រឡាញ់ សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងការបរបាញ់សត្វ ដែលនាំឱ្យបាត់បង់ពពួកសត្វមួយចំនួន ដែលកំពុង រងការផុតពូជ ដូចជាក្ងោក សារិកាកែវវង ក្រលីងក្រឡូង កេងកង ទីទុយភ្នំជាដើម ៕ ប្រភព៖ ក្រសួងព័ត៌មាន