មិនធម្មតាមែន! កសិករនៅខេត្តប៉ៃលិនប្រើពេលតែមួយ ទទួលបានផល២ ទាំងមៀនប៉ៃលិន និងទឹកឃ្មុំ

0
771
Loading...

ខេត្តប៉ៃលិន៖ សម្រាប់កសិករនៅខេត្តប៉ៃលិន បានប្រើវិធីសាស្ត្រដាក់សំបុកមេឃ្មុំក្នុងចម្ការមៀនប៉ៃលិនរបស់គាត់ ដើម្បីក្រេបលម្អងផ្កាទៅបំពេញទឹកលើបង្គង ទទួលបានជោគជ័យ ដែលក្នុងនោះគាត់បានអះអាងថា ក្នុងពេលដំណាលគ្នាបានទាំង ទិន្នផលផ្លែមៀនខ្ពស់ និងទឹកឃ្មុំសុទ្ធល្អ និងមានគុណភាពខ្ពស់តាមបែបធម្មជាតិ។

កសិករឈ្មោះ យុង យុទ្ធី អ្នកចិញ្ចឹមឃ្មុំនៅក្នុងចម្ការមៀនប៉ៃលិន ស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងមួយរដូវមៀនផ្កាផ្លែ គិតចាប់ពីខែមិថុនា ដល់ខែធ្នូ លោកអាចប្រមូលទឹកឃ្មុំបានក្នុងបរិមាណមួយខ្ពស់ ខណៈតម្លៃដែលត្រូវបានវេចខ្ចប់ក្នុងដបកែវត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងអនាម័យ មានតម្លៃ១០ម៉ឺនរៀល ក្នុងមួយលីត្រ។

លោកបានបញ្ជាក់ទៀតថា ការប្រមូលទឹកឃ្មុំរបស់លោកធ្វើឡើង នៅរៀងរាល់កន្លះខែម្តង ដោយក្នុងម្តងៗទទួលបានក្នុងបរិមាណ ១២០លីត្រ ក្នុងចំណោមសំបុកឃ្មុំចំនួនជាង៥០សំបុក ដែលត្រូវបានដាក់រក្សាក្នុងចម្ការ ដើម្បីក្រេបយកជាតិស្ករពីលម្អងផ្កាមៀនប៉ៃលិន និងផ្កាព្រៃនៅទីនោះផ្សេងទៀត។ លោកថា ការរក្សាមេពូជឃ្មុំនៅក្នុងចម្ការមៀនប៉ៃលិននេះ មិនត្រឹមតែផ្តល់បរិមាណទឹកឃ្មុំខ្ពស់ប្រកបគុណភាពតាមធម្មជាតិនោះទេ ប៉ុន្តែវាក៏ជួយដល់ការបង្កើនទិនផលផ្លែមៀនផងដែរ។

«បើយើងនិយាយពីគុណសម្បត្តិទៅលើរុក្ខជាតិ គឺវាជួយដល់ការបង្កើនអ័រម៉ូន ដូចជាទៅលើផ្កាមៀន គឺជួយឱ្យផ្លែកាន់បានច្រើន និងល្អ ដោយយើងមិនបាច់ប្រើថ្នាំដើម្បី ជំនួយដល់ផ្លែនោះឡើយ» នេះបើតាមសម្ដីរបស់លោកដែលបានបញ្ជាក់។ លោកបន្តថា វិធីសាស្ត្រនេះ ត្រូវបានរូបលោកអនុវត្តរយៈពេល២ឆ្នាំមកហើយ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញ។

លោក ជន ញ៉ន ដែលជាម្ចាស់ដើមមៀនប៉ៃលិនជាង ៣.០០០ដើម ស្ថិតក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ទទួលស្គាល់ថា ការប្រមូលផលផ្លែមៀនឆ្នាំនេះពិតជាបានទិន្នផលខ្ពស់មែន ដោយនៅក្នុងរដូវប្រមូលផលចុងឆ្នាំ២០២០នេះ ទទួលបានជាង ៣៥តោន ដែលខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ។ លោកថា ទិន្នផលនេះ អាចមកពីកត្តាធម្មជាតិ ទឹកស្រោចស្រព ការថែទាំ ការដាក់ជី និងអាយុកាលរបស់ដើមមៀនផងដែរ។

បើតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដកស្រង់បច្ចេកទេសពីលោកបណ្ឌិត គួយ ធាវី អតីតសាស្រ្តាចារ្យនៅរាជបណ្ឌិតសភា បានបង្ហាញថា ក្នុងចម្ការមៀនប៉ៃលិន១ហិកតា អាចដាក់ធុងឃ្មុំបាន១ ហើយក្នុងធុង១ អាចដាក់បង្គងផ្លិតបាន១០ ក្នុងខែមៀនប៉ៃលិនចេញផ្លា ដោយផ្លិតឃ្មុំ១ អាចផ្តល់ទឹកឃ្មុំ១លីត្រ។

លោកបណ្ឌិត បានអំពាវនាវឱ្យម្ចាស់ចម្ការគួរចិញ្ចឹមឃ្មុំ ដើម្បីទាញយកប្រយោជន៍ពីទឹកឃ្មុំ និងបង្កើនផលិតកម្មមៀនប៉ៃលិន ផងដែរ ដោយសារឃ្មុំជាភ្នាក់ងារបង្កាត់ពូជ។

ខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលខ្ពស់ក្នុងការផលិតទឹកឃ្មុំ ដោយសារខេត្តនេះមានចម្ការមៀនប៉ៃលិន និងដំណាំហូបផ្លែជាច្រើន ដែលជាប្រភពផ្តល់លម្អងផ្កា សម្រាប់ឃ្មុំក្រេបយកជាតិស្ករ៕ ប្រភព៖ ក្រសួងព័ត៌មាន