ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ ជាថ្ងៃទី៣ហើយ ដែលក្រសួងសុខាភិបាល រកមិនឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយថែមទាំងមានអ្នកជំងឺកូវីដ-១៩ ២នាក់ត្រូវបានជាសះស្បើយ ក្នុងនោះទី១. ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និង ទី២. បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ហើយអ្នកទាំងពីរនាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពឆ្លាក់អង្រែ រាជធានីភ្នំពេញ។។ នេះបើយោងតាម ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ ក្នុងនោះស្រី១៩នាក់។
សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ វត្ថុសំណាកនៅសល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៩៤៨សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន៨១៤សំណាក សរុបចំនួន ៦.៧៦២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន៣.៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផអវិជ្ជមានទាំងអស់ ហើយនៅសល់វត្ថុសំណាកចំនួន ៣.៣២៤សំណាកទៀត នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៩នាក់ មានស្រីចំនួន ៨៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់ ៕