រាជរដ្ឋាភិបាល សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបន្តជួយទំនុកបម្រុងគ្រួសារងាយរងគ្រោះ

0
519

ភ្នំពេញ៖  តាមសចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០) រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) ក្នុងគោលបំណងដើម្បីរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

មួយវិញទៀតរាជរដ្ឋាភិបាល នឹងបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយ:កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩ផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា ការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) រួមមាន៖

ទី១៖ សម្រាប់កម្ចីថ្មី៖

  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ២០២១។
  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និងការខ្ចីពីប្រទេស ដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២២។
  • ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញនៅឆ្នាំ២០២៣។

ទី២៖ សម្រាប់កម្ចីចាស់៖

  • ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេស ដែលមាន DTA និងការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។
  • ពិនិត្យ និងកែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភេទខាងក្រៅ និងខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ២០២២។

សម្រាប់ព័ត៌មានសម្អិតផ្សេងៗសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

Loading...