សៀមរាប៖ កាលពីរសៀលម្សិលមិញថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មានការផ្ទុះប្រតិកម្មខ្លាំង ពីប្រជាពលរដ្ឋ និងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយអាជ្ញាធរជាតិអប្សរា បានសម្រេចចាប់យកសត្វស្វាចេញពីប្រាសាទបាយ័ន ទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរវិញ ដោយបញ្ជាក់មូលហេតុថា សត្វស្វាទាំងនោះកាចៗ ដបង្កការរំខានដល់ភ្ញៀបទេសចរ។
យោងតាមហ្វេសប៊ុកផេករបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា «សត្វស្វាកាចៗមួយចំនួននៅប្រាសាទបាយ័ននឹងត្រូវយកចេញទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវនាំចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់» ។
ដោយឡែកនៅក្នុងការប្រតិកម្មកាលពីម្សិលមិញនេះ យោងតាមវីដេអូមួយត្រូវបានបង្ហោះនៅលើបណ្ដាញ បង្ហាញពីមនុស្សមួយក្រុម ត្រូវបានគេដឹងថាជាអ្នករកលុយតាម Youtube ដែលតែងតែថតវីដេអូសត្វស្វា ក្នុងរូបភាពការឱ្យចំណី ជាដើម ហើយបង្ហោះវីដេអូចូលក្នុងបណ្តាញ Youtube ដោយពួកគាត់មានប្រតិកម្មមិនពេញចិត្តទៅលើការចាប់សត្វស្វាដែលស្លូតៗ ចំពោះសត្វស្វាកាចពួកគាត់អះអាងថា ពួកគាត់យល់ស្របនឹងចំណាត់ការខាងអាជ្ញាធរ ។
តែទោះជាយ៉ាងណាខាងអាជ្ញាធរ បាននិយាយថាការដែលផ្ដល់ចំណីឲ្យសត្វស្វាដើម្បីថតវីដែអូបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម។
ចំពោះអ្នកលេងបណ្ដាញសង្គមវិញ មានទាំងអ្នកគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ដោយសារកន្លងមកពិតជាមានរូបភាពសត្វស្វាមួយចំនួនបង្កបញ្ហាដល់ភ្ញៀវទេសចរមែន ប៉ុន្តែក៏មានមតិមួយចំនួនទៀតសុំអោយមានចំណាត់ការដែលល្អមួយដែលអាចទទួលយកបានទាំងអស់គ្នា ដោយសារសត្វស្វានៅបរវេណរមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយនៃសម្រស់អង្គរទាក់ទាញចំណាប់អារម្មណ៍ផងដែរ ៕