រកឃើញសាកសពមាន «អណ្ដាតមាស» អាយុកាលជាង ២០០០ឆ្នាំ នៅអេសហ្ស៊ីប

0
1776
Loading...

ទីក្រុងខាយរ៉ូ៖ អ្នកបុរាណវិទូបានជីកកកាយនៅទីបញ្ចុះសពបុរាណ Taposiris Manga ដែលបានបញ្ចុះសពចំនួន ១៦ នៅក្នុងផ្នូរថ្មបុរាណដែលគេដាប់ដើម្បីដាក់មឈូស ដែលក្នុងចំណោមសាកសពទាំងអស់មាន សាកសពមួយដែលចប្លែកជាងគេ ដោយសារតែមានអណ្តាតធ្វើអំពីមាស។ រីឯសាកសពបុរាណជាច្រើនទៀតមានសភាពកាន់តែពុកផុយទៅហើយ។

យោងតាមក្រុមអ្នកជំនាញបានសន្និដ្ឋានថា សាកសពដ៏ចំណាស់មួយនេះត្រូវបានគេបានកាត់អណ្តាតចេញរួចជំនួសមកវិញនូវ «អណ្តាតធ្វើអំពីមាស» ដោយសារពួកគេជឿជាក់ថាអ្នកស្លាប់ទៅនឹងអាចនិយាយទៅកាន់ «ព្រះ Osiris» នៅជាតិក្រោយបាន។

គួរឲ្យដឹងថាតាមការស្រាវជ្រាវ ការបញ្ចុះសពបែបនេះគេពេញនិយមណាស់កាលពីបុរាណនៅក្នុងសម័យកាលក្រិក និងរ៉ូម៉ាំង ដែលមកដល់ពេលនេះមានអាយុកាលប្រហែលជា ២.០០០ ឆ្នាំមកហើយ ដែលដាក់ក្នុងរូងភ្នំ ឬក៏អាចនិយាយបានថាថ្មបានកកើតតាមធម្មជាតិនាសម័យនោះ។

ការជីករុករកនេះត្រូវបានដឹកនាំដោយសាកលវិទ្យាល័យ Santo Domingo ដែលបានធ្វើការនៅការដ្ឋាននេះអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ កាលពីមុនក្រុមនេះបានរកឃើញកាក់ជាច្រើនដែលគេដាក់នៅលើមុខរបស់ព្រះមហាក្សត្រិយានី Cleopatra ទី VII ដែលគេបញ្ចុះនៅខាងក្នុងប្រាសាទ Taposiris Magna ដែលសម័យកាលនោះ ព្រះនាងអង្គនេះត្រូវបានគេបញ្ចុះនៅក្នុងផ្នូរដែលគេដាប់ថ្មដើម្បីដាក់មឈូសដូចគ្នា។ លើសពីនេះទៀតគេក៏បានរកឃើញបំណែករូបសំណាក និងទីសក្ការៈនៅផ្សេងៗនៅក្នុងប្រាសាទ ដែលគេជឿថាជាស្នាដៃរបស់ស្តេច Ptolemy ទី IV ដែលបានកសាងប្រាសាទដ៏អស្ចារ្យនេះឡើង។

ស្តេច Ptolemy ទី IV ដែលគេស្គាល់ថា Philopator បានឡើងសោយរាជ្យនៅអេហ្ស៊ីបពីឆ្នាំ ២២១ ដល់ ២០៤​ មុនគ្រឹស្តសករាជ។ កាលនោះដោយសារគាត់មានចំណាប់អារម្មណ៍ខ្លាំងចំពោះការប្រារព្ធពិធីផ្សេងៗ និងមានពិធីខ្លះបានចំណាយយ៉ាងខ្ជះខ្ជាយ ហើយក៏មានការរារាំងពីរាជវង្ស Ptolemaic ដោយតែងតែតាមដានយ៉ាងជាប់លាប់ទៀតផង។

ក្រឡេកមកមើល គ្រោងឆ្អឹងដែលមានអណ្តាតមាសខាងលើវិញ ត្រូវបានគេរកឃើញថានៅមានសភាពល្អ ព្រោះលលាដ៍ក្បាល និងផ្នែកផ្សេងៗជាច្រើននៅមានលក្ខណៈគ្រប់ដដែរ។ អ្នកបុរាណវិទូបានជីកកាយយកគ្រោងឆ្អឹងចេញពីរូងថ្មដែលគេដាប់សម្រាប់ដាក់មឈូស។

តាមការសន្និដ្ឋានបានឲ្យដឹងថា អណ្តាតមាសនេះមិនមែនកើតដោយធម្មតាឡើយ ពោលត្រូវបានគេកាត់អណ្ដាតដើមចេញ ហើយជំនួសដោយអណ្តាតមាសវិញ នៅក្នុងពិធីបុណ្យសពដោយមានជំនឿថា មនុស្សម្នាក់នេះនឹងអាចនិយាយទៅកាន់ព្រះ Osiris នៅជាតិក្រោយបាន។

សម័យកាលនោះ ព្រះ Osiris ត្រូវបានគេជឿថា ជាព្រះមួយអង្គដែលគ្រប់គ្រងលើភពផែនដី ហើយអាចប្រមើលមើលអ្នកស្លាប់បាន។ តាមរយៈការដាក់អណ្តាតមាសឱ្យអ្នកស្លាប់ប្រហែលជា ២០០០ ឆ្នាំមុនត្រូវបានគេជឿថា អណ្តាតមាសនោះនឹងអាចបញ្ចុះបញ្ចូល ព្រះ Osiris ឱ្យបង្ហាញសេចក្តីមេត្តាចំពោះវិញ្ញាណរបស់អ្នកស្លាប់។ លោកបណ្ឌិត Kathleen Martinez បានរកឃើញរូបចម្លាក់ដ៏ប្រណីត និងរូបចម្លាក់នៅលើផ្នូរគឺនៅមានសភាពល្អស្អាតដែលធ្វើឱ្យអ្នកជំនាញដឹងពីអត្តសញ្ញាណរបស់សាកសព។

មានសាកសពមួយត្រូវបានគេរកឃើញការតុបតែងលម្អដោយរូបព្រះ Osiris នៅលើរាងកាយ។ ឯសាកសពមួយទៀតត្រូវបានតុបតែងដោយមកុដ ស្នែងសត្វ និងពស់នៅលើថ្ងាស។ មាននិមិត្តសញ្ញាបន្ថែមជាច្រើនទៀតតំណាងឱ្យព្រះ Horus ត្រូវបានគេរកឃើញនៅលើទ្រូងរបស់ស្ត្រីមេម៉ាយម្នាក់។ មាននិមិត្តសញ្ញាមួយទៀតត្រូវបានគេតុបតែងបន្ថែមតំណាងឱ្យខ្សែកដែលមានបណ្តោងក្បាលខ្លា។ លោកវេជ្ជបណ្ឌិត Khaled Abo El Hamd បានឱ្យដឹងថា បេសកកម្មបានរកឃើញវត្ថុបុរាណសំខាន់ៗមួយចំនួនសម្រាប់ស្ត្រីក្នុងពីធីបុណ្យសព និងរូបចម្លាក់មាសចំនួនប្រាំបី។ រូបចម្លាក់មាសតំណាងឱ្យស្លឹកនៃកម្រងផ្កាមាសនិងរបាំងថ្មម៉ាបចំនួន ៨ ផ្ទាំងដែលមានកំណើតតាំងពីសម័យក្រិក និងរ៉ូម៉ាំង៕ ប្រភព៖ Daily Mail