១. Chingmy Yau Suk-zing
តារាស្រីជើងចាស់រូបនេះ កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៦៨ ហើយគាត់ធ្លាប់ចូលរួមប្រកួតបវរកញ្ញាហុងកុង កាលពីឆ្នាំ ១៩៨៧ ។
បើទោះបីជាគាត់ ត្រូវបានគេហៅថាជាម្ចាស់ក្សត្រីសិចស៊ីក៏ដោយ តែគាត់ស្ទើរតែមិនមានឈុតឆាកដោះសម្លៀកបំពាក់នៅក្នុងខ្សែភាពយន្តណាមួយឡើយ។
ស្នាដៃដ៏លេចធ្លោបំផុតរបស់គាត់ គឺនៅក្នុងខ្សែភាពយន្ត Naked Killer និង Lover of the Last Empress ។
គាត់មានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈទេពកោសល្យសម្តែង និងសម្រស់ពីធម្មជាតិ ។ ទោះយ៉ាងណាក៏ដោយ បើទោះបីជាគាត់មិនបានប្រកាសជាផ្លូវការ អំពីការដកខ្លួនចេញពីឧស្សាហកម្មកម្សាន្តក៏ដោយ ប៉ុន្តែគាត់មិនបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
២. Zhāng Baizhi
តារាចម្រៀង និងតារាសម្តែងមកពីហុងកុង កើតនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៨០ នៅហុងកុង។ ឪពុករបស់នាងជាជនជាតិចិន រីឯម្តាយជាជនជាតិអង់គ្លេស កាត់ចិន នាងបានចាប់ផ្តើមផ្សាយពាណិជ្ជកម្មឲ្យម៉ាកយីតែក្រូចឆ្មា Yang Kwang ក្នុងឆ្នាំ ១៩៩៨ ។
បន្ទាប់មកនៅឆ្នាំ ១៩៩៩ គាត់មានឱកាសសម្តែងក្នុងខ្សែភាពយន្តខ្នាតធំដំបូង ជាមួយលោក Stephen Chow (ទិនហ្វី) ជាតួរសម្តែង និងអ្នកដឹកនាំនៅក្នុងរឿង The King of Comedy ភាពយន្តបែបកំប្លែង។
បន្ទាប់មក គាត់ក៏ទទួលបានការងារជាបន្តបន្ទាប់ភ្លាមៗនៅ ក្នុងរឿងមនោសញ្ចេតនា គឺ Fly Me to Polaris ដែលបានចាប់ដៃគូជាមួយតារាសម្តែងជនជាតិតៃវ៉ាន់វ័យក្មេង Yuen Xianqi ធ្វើឱ្យនាងទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមទៀតផង ។
៣. Maggie Cheung Man-yuk
គាត់គឺជាតារាសម្តែងដ៏ល្បី និងមានទេពកោសល្យម្នាក់ នៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង ព្រមទាំងអន្តរជាតិផងដែរ គាត់ក៏មានស្នាដៃលើឆាកអន្ដរជាតិជាច្រើនដែរ ។ នាងបានចូលរូមសម្តែងជាង ៧០ រឿង ចាប់តាំងពីឆ្នាំ ១៩៨៣ ។
គាត់ក៏ជាតារាសម្តែងអាស៊ីដំបូងគេ ដែលឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ពីមហោស្រពភាពយន្ត Cannes ពីភាពយន្តរឿង Clean (២០០៤) ដឹកនាំដោយអតីតស្វាមីជាជនជាតិបារាំងគឺលោក Olivier Az Sayas ។
៤. Gong Li
គាត់កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៦៥ នៅទីក្រុងសិនយ៉ាង ខេត្តឡៅនីង ប្រទេសចិន មានបងប្អូន ៤ នាក់ ហើយនាងជាកូនពៅ។ គាត់ត្រូវបានគេចាត់ទុកថាជា មហាក្សត្រីនៃឧស្សាហកម្មភាពយន្តចិន ។
ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាប្រជាជនចិន និងជាអ្នកបង្ហាញគ្រឿងសំអាង L’Oréal នៅអាស៊ីផងដែរ។ គាត់ក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជាមនុស្សដែលស្អាតជាងគេដោយទស្សនាវដ្តី People ។
៥. Athena Chu
គាត់កើតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៧១ និងត្រូវបានគេស្គាល់នៅក្នុងទសវត្សទី ៩០ ។ គាត់មានស្នាដៃល្បីៗច្រើនណាស់ A Chinese Odyssey 2, Fight Back to School 2 និងរឿងភាគ The Legend of the Condor Heroes ទៀតផង ។
៦. Joey Wong Cho-Yee
គាត់ជាតារាសម្ដែងចិនតៃវ៉ាន់ ដែលល្បីល្បាញខ្លាំងនៅអាស៊ី។ នៅអាយុ ១៤ ឆ្នាំ អ្នកនាងបានចូលរួមជាមួយក្រុមបាល់បោះនារី នៅវិទ្យាល័យ និងបានធ្វើដំណើរទៅប្រកួតប្រជែងនៅហុងកុង ហើយបានជួបជាមួយកាយរិទ្ធ ដែលអញ្ជើញនាងឱ្យថតស្ពតស្បែកជើងកីឡា ។
ក្រោយមកគាត់ក៏លេចមុខ នៅក្នុងស្ពតពាណិជ្ជកម្មជាបន្តបន្ទាប់ ។ ចំពោះភាពយន្តដែលធ្វើឲ្យគាត់ល្បីល្បាញ មានដូចជា It Will be Cold by the Lake This Year, Lets Make Laugh 2 និង
Working Class ជាដើម ។
៧. Brigitte Lin Ching-hsia
អតីតតារាសម្តែងតៃវ៉ាន់ ល្បីល្បាញខ្លាំងទូទាំងអាស៊ី កើតនៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៩៥៤ នៅតៃប៉ិកោះតៃវ៉ាន់។
គាត់បានឈានជើងចូលសិល្បៈការសម្តែង ខណៈពេលកំពុងរង់ចាំចូលសាកលវិទ្យាល័យ។ ពេលនោះអ្នកដឹកនាំរឿង និងផលិតករភាពយន្តល្បីឈ្មោះ លោក Song Chun Tao បានមើលឃើញពន្លឺវត្តមានរបស់គាត់ នៅពេលគាត់ដើរទិញទំនិញ។ ហេតុដូច្នេះហើយលោកក៏បានទាក់ទងឲ្យអ្នកនាង មកថតខ្សែភាពយន្តរឿង Outside The Window នៅឆ្នាំ ១៩៧២ ។
ក្រោយមកគាត់ក៏បាន ចូលរូមសម្តែងក្នុងខ្សែភាពយន្តហុងកុង Zu Warriors from the Magic Mountain ទៀតផង ។
៨. Rosamund Kwan Chi Lam
គាត់កើតនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៦២ ជាកូនស្រីរបស់លោក Guanshan ដែលជាតារាសម្តែងជាន់ខ្ពស់ របស់ក្រុមហ៊ុន Shaw Brothers ។
គាត់បានចូលប្រឡូកក្នុងវិស័យសិល្បៈ ជាតារាសម្ដែង ATV នៅអាយុ ១៧ ឆ្នាំ មុនពេលទទួលបានជោគជ័យក្នុងវិស័យភាពយន្ត រហូតក្លាយជាតួឯកស្រីដ៏មានកេរ្តិ៍ឆឈ្មោះល្បីម្នាក់ នាសម័យឆ្នាំ ១៩៩០ ។
៩. Sharla Cheung Man
អតីតតារាសម្តែងហុងកុង គាត់បានថតរឿងជាមួយលោក Stephen Chow (ទិនហ្វី) ច្រើនជាងគេ ហើយត្រូវបានគេស្គាល់ថាជា “តួឯកដ៏សាកសមបំផុតរបស់ទិនហ្វី” ទៀតផង ។
គាត់កើតនៅថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ១៩៦៧ នៅសៀងហៃ។ គាត់មិនសូវជាមានទេពកោសល្យសម្តែងដូចតារាដទៃទេ ប៉ុន្តែគាត់នៅតែមាន កេរ្តិឈ្មោះល្បីល្បាញ និងតែងតែស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រខ្សែភាពយន្តហុងកុងដែរ ។
១០. Shu Qi
គាត់កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៧៦ នៅតៃវ៉ាន់។ ក្រោយបញ្ចប់ការសិក្សាពីវិទ្យាល័យ ចាប់ផ្តើមថតរូបស៊ិចស៊ីសម្រាប់ទស្សនាវដ្តី រហូតដល់ផលិតករភាពយន្តហុងកុង Fred Wong បានឃើញរូបភាពរបស់ Shu Qi នៅលើទស្សនាវដ្តី ដូច្នេះលោកក៏បានទាក់ទងដើម្បីអ្នកនាងមកថតខ្សែភាពយន្តបែបស្រើបស្រាលដំបូងបង្អស់ ។
ក្រោយមកអ្នកនាងបានទៅចូលរួមសម្តែង នៅក្នុងខ្សែភាពយន្តមួយចំនួន រួមទាំងការសម្តែងនៅវិស័យភាពយន្តហូលីវូដដែរ ។
ប្រភព៖ Wikipedia