វាគឺជាបញ្ហាមិនអាចប្រកែកបាននៃការឡើងកំដៅផែនដី ដោយបច្ចុប្បន្នយើងកំពុងស្ថិតនៅចំកណ្តាលបញ្ហាផ្ទាំងទឹកកករលាយនៅកន្លែងសំខាន់ៗជាច្រើននៅលើពិភពលោក។
រឿងរ៉ាវទាំងនេះបើមើលមួយភ្លែតដំបូងអាចគិតថាទៅហាក់ដូចជារឿងសាមញ្ញ និងមិនប៉ះពាល់ចំពោះមនុស្សជាច្រើន ប៉ុន្តែតាមពិតទៅវាអាចមានគ្រោះថ្នាក់ច្រើនជាងអ្វីដែលយើងបានគិតទៅទៀត។
នោះគឺដោយសារតែថ្មីៗនេះនៅក្នុងទិនានុប្បវត្តិមីក្រូប៊ីយ៉ូម យើងទើបតែមានក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលបានប្រកាសអំពីរឿងនេះ ពួកគេបានរកឃើញមេរោគបុរាណជាច្រើនប្រភេទ មានអាយុកាលជាង ១៥.០០០ ឆ្នាំ ដោយបានបង្កប់នៅក្នុងផ្ទាំងទឹកកកនៅទីបេ។
ការរកឃើញនេះ វាគឺជាស្នាដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យអូហៃអូ ពួកគេបានស្ទាបស្ទង់ដុំទឹកកក ដែលបានជីកចេញពីគម្របទឹកកកហ្គូលីយ៉ា នៅលើខ្ពង់រាបទីបេភាគខាងលិចប្រទេសចិន ក្នុងឆ្នាំ ២០១៥ ។
ពួកគេបានរកឃើញហ្សែនមេរោគសរុបចំនួន ៣៣ ពីសំណាកស្នូលទឹកកកចំនួន ២ ដែល ២៨ ប្រភេទ មិនត្រូវបានស្គាល់ ហើយជាងពាក់កណ្តាលនៃមេរោគ ដែលបានឃើញគឺនៅរស់រានមានជីវិតនៅឡើយ។
“ការរលាយទឹកកកមិនត្រឹមតែនាំឱ្យមានការផុតពូជនៃអតិសុខុមប្រាណ និងមេរោគបុរាណទេ ប៉ុន្តែផ្ទុយទៅវិញវាក៏អាចបញ្ចេញពួកវាត្រឡប់មកបរិយាកាសនាពេលអនាគតផងដែរ” ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអូហៃអូបាននិយាយ។
វាពិតជាសំណាងណាស់ មេរោគដែលត្រូវបានរកឃើញមានប្រភពឆ្លងចេញពីដី ឬរុក្ខជាតិជាជាងឆ្លងដល់សត្វ ដូច្នេះវាមិនទំនងជាបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ទោះយ៉ាងណានេះ គឺជាការសិក្សាដែលបង្ហាញពីផលប៉ះពាល់គួរឱ្យកត់សម្គាល់មួយទៀតនៃការឡើងកំដៅផែនដី។
ការស្រាវជ្រាវនេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រសិក្សាពីអត្រាការវិវត្តនៃមេរោគនាពេលកន្លងមក។ នេះអាចមានឥទ្ធិពលវិជ្ជមាន សម្រាប់ធ្វើការទប់ទល់ទៅលើមេរោគ ឬជួយស្វែងរកជីវិតក្រៅភព៕ ប្រភពពី៖ sciencedaily