តើបងប្អូនប្រិយមិត្តធ្លាប់បានឮរឿងរ៉ាវរបស់ “ជើងដំរីនៃ Chernobyl” (រោងចក្រថាមពលនុយក្លេអ៊ែរ) ឬ “The Elephant’s Foot” ដែរឬទេ? វាមិនមែនជាជើងដំរីពិតប្រាកដនោះទេ ផ្ទុយទៅវិញវាគឺជាដុំសារធាតុពុល ដែលត្រូវបានគេជឿថា គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក។

ជើងដំរីនេះ គឺជាបណ្តុំសារធាតុក្លូរីម (Corium) ដែលបានបង្កើតឡើងដោយការលេចធ្លាយវិទ្យុសកម្មនៅក្នុងឧប្បត្តិហេតុឆ្នាំ ១៩៨៦ ហើយត្រូវបានគេដាក់ឈ្មោះថា “ជើងដំរី” ដោយយោងទៅតាមរូបរាងរបស់វា ។
បណ្តុំសារធាតុក្លូរីម វាបញ្ចេញនូវវិទ្យុសកម្មខ្លាំងរហូតដល់ 10,000 Roentgen (រង្វាស់នៃកម្លាំងវាលវិទ្យុសកម្ម) ក្នុងមួយម៉ោង។
កម្លាំងនេះខ្លាំងល្មមស្មើរនឹង មនុស្សម្នាក់ដែលបានប៉ះពាល់ទៅនឹងកម្រិតវិទ្យុសកម្មដ៍គ្រោះថ្នាក់ដល់អាយុជីវិត ត្រឹមតែ ៣០ វិនាទីបន្ទាប់ពីចូលជិតវា។
ជាការពិតណាស់ នៅពេលវេលាកន្លងផុតយូរទៅ កម្រិតនៃវិទ្យុសកម្មរបស់ជើងដំរី Chernobyl ក៏មានការថយចុះជាបណ្តើរៗ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ សារធាតុវិទ្យុសកម្មទាំងអស់នៅ Chernobyl នឹងនៅតែមានបន្តអស់រយៈពេលរាប់ពាន់រាប់ម៉ឺនឆ្នាំទៀត ។
រីឯរូបភាពរបស់ជើងដំរី ដែលមើលទៅមិនច្បាស់ នោះមិនមែនមកពីការកែច្នៃទេ ផ្ទុយទៅវិញ ដោយសារមានកំលាំងសារធាតុ វិទ្យុសកម្មខ្លាំងពេល បណ្តាលឱ្យគុណភាពការថតរូបធ្លាក់ចុះទៅវិញទេ។
នៅមិនទាន់អស់ទេ បណ្តុំសារធាតុពុលនេះមានពហុស្រទាប់និងធន់ខ្លាំងណាស់ រហូតដល់ថ្នាក់សូម្បីម៉ាស៊ីនស្វានក៏មិនអាចទម្លុះបានដែរ ធ្វើឱ្យគំនិតនៃការផ្លាស់ប្តូរ ឬបំផ្លាញវាចោល ស្ទើរតែមិនអាចទៅរួចទេ (ទោះបីជាសូវៀតធ្លាប់និយាយថា គ្រាប់កាំភ្លើង AK អាចទម្លុះបានក៏ដោយ) ។

សម្រាប់ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យជើងដំរីនេះ នៅតែត្រូវបានតម្កល់នៅក្នុងទីក្រុងដែលត្រូវបានគេបោះបង់ចោលនៅ Chernobyl រហូតដល់សព្វថ្ងៃ ៕
ប្រភព៖ rarehistoricalphotos, mcgill, news