អ្នកនាង Song Hye Kyo ធ្លាប់ជាកំពូលតារាស្រី ដែលត្រូវបានគេផ្តល់ងារឲ្យថាជា “នារីក្នុងសុបិន” ដែលបុរសៗចង់រៀបការជាមួយច្រើនបំផុត អស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ប៉ុន្តែជីវិតស្នេហារបស់នាង បែរជាមិនសមបំណង និងផ្អែមល្ហែមដូចនៅក្នុងរឿងទាល់តែសោះ ។
និយាយត្រឡប់ទៅកាលពីឆ្នាំ ២០០៣ តារាសម្តែងស្រីរូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយតារាសម្តែងល្បីឈ្មោះ Lee Byung Hun ហើយបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញនៅហូលីវូដជាមួយគ្នា ។
អ្នកទាំង ២ បានជួបគ្នាពី រឿងភាគទូរទស្សន៍ All in មុនពេលបង្កើតទំនាក់ទំនង និងយល់ព្រមក្លាយជាគូស្នេហ៍ នៅពេលដែលពួកគេបានផ្លាស់ប្តូរចិញ្ចៀនបញ្ជាក់ពីដួងចិត្តទៅវិញទៅមក ។
អ្នកទាំង ២ ធ្លាប់បានផ្តល់បទសម្ភាសន៍ នៅលើកញ្ចក់ទូរទស្សន៍មួយនៅតៃវ៉ាន់ នៅពេលឃោសនាផ្សព្វផ្សាយរឿងភាគរបស់ពួកគេ ដែលពេលនោះ លោក Lee Byung Hun បានបង្ហាញថា អ្នកទាំងពីរនឹងរៀបការឆាប់ៗតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែមិនបានប៉ុន្មានផង ទីបំផុតនៅឆ្នាំ ២០០៤ អ្នកទាំង ២ បែរជាបានប្រកាសថា បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ ដោយហេតុផលថា មិនសូវមានពេលវេលាសម្រាប់គ្នាទៅវិញទៅមក ទន្ទឹមនឹងនោះក៏មានព័ត៌មានលេចឮជាច្រើនដែរថា Song Hye Kyo កំពុងលួចទាក់ទងជាមួយបុរសផ្សេងទៀតផងដែរ ។
បន្ទាប់ពីនោះ អ្នកនាង Song Hye Kyo ក៏បានគ្រងបល្ល័ង្កនៅលីវអស់រយៈពេលយ៉ាងយូរ រហូតដល់មានពាក្យលេចឮថា អ្នកនាងខ្លាចស្នេហារហូតដល់ឆ្នាំ ២០០៨ ស្នេហានៅក្នុងពេលកំពុងថតរឿង ក៏បានកើតឡើងម្តងទៀត។
នៅពេលដែលអ្នកនាងបានជួប Hyun Bin តួឯកប្រុសក្នុងរឿង “World Within” អ្នកទាំងពីរបានចាប់ផ្តើមបង្កើតទំនាក់ទំនងភ្លាមៗបន្ទាប់ពីថតរឿងចប់ ហើយបានទាក់ទងគ្នាជិត ២ ឆ្នាំ មុនពេលទំនាក់ទំនងបានបញ្ចប់ ដោយសារភាពសោះអង្គើយ ហើយខាងប្រុសត្រូវចុះឈ្មោះបម្រើជាតិទៀត ។
បន្ទាប់ពីនោះមក កំពូលតារាស្រីស្រស់ស្អាតរូបនេះ ក៏មិនមានដំណឹងស្នេហាទៀតឡើយ រហូតដល់ឆ្នាំ ២០១៦ ដែលអ្នកនាងបានធ្វើការជាមួយលោក Song Joong Ki នៅក្នុងរឿង Descendants of the Sun ។
នាពេលនោះ វាត្រូវបានគេរាយការណ៍ថា មុនពេលពួកគេចាប់ផ្តើមទាក់ទងគ្នា អ្នកនាង Song Hye Kyo មិនសូវជាចាប់អារម្មណ៍ទាក់ទងស្នេហ៍ជាមួយបុរសក្នុងរង្វង់សិល្បៈប៉ុន្មានទេ ប៉ុន្តែលោក Song Jung Ki ហាក់មិនបោះបង់ការព្យាយាមចែចង់ទេ រហូតដល់ទីបំផុតអ្នកនាងបានចុះចាញ់ ដោយពួកគេបានរៀបការនៅ ខែតុលាឆ្នាំ ២០១៧ ហើយសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេ នៅឆ្នាំ ២០១៩ បន្ទាប់ពីរៀបការបានមួយឆ្នាំ និង ៨ ខែ ៕
ប្រភព៖ Praew