ម៉ាឡេស៊ី៖ យុគសម័យថ្មី ការបោកប្រាស់មានច្រើនបែប ច្រើនសណ្ឋាន ហើយវាជារឿងគួរឱ្យភ័យបារម្ភ ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
កាលពីថ្ងៃទី២ ខែកក្កដា ស្ត្រីមេម៉ាយអាយុ ៣២ឆ្នាំដែលមានកូន២នាក់ ឈ្មោះ Wong កំពុងញ៉ាំអាហារពេលល្ងាចជាមួយមិត្តម្នាក់នៅ Klang ។ នៅពេលនោះ នាងទទួលបានការហៅទូរស័ព្ទចូលតាមរយៈកម្មវិធី Telegram ហើយក៏ជាពេលដែលនាងបាត់បង់លុយដ៏ច្រើនផងដែរ។

អ្នកនាង Wong គឺជាអ្នករកស៊ីធ្វើក្រចក ដូច្នេះហើយ ដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់នាង នាងបានដាក់លេខទូរស័ព្ទរបស់នាងនៅលើបណ្ដាញសង្គម ហើយទទួលសារ SMS និងការហៅចេញពីលេខដែលមិនស្គាល់ជាច្រើន ព្រោះពួកគេគឺជាអតិថិជនសក្តានុពលរបស់នាង។
ការហៅទូរសព្ទដែលនាងបានទទួលក្នុងអំឡុងពេលអាហារពេលល្ងាច គឺមកពីស្ត្រីម្នាក់ដែលសួរព័ត៌មានលម្អិតអំពីសេវាកម្មរបស់ Wong ដូចជាទីតាំង បែបនេះបែបនោះ ប្រហែលរយៈពេល 10នាទី។ ក្រោយពីបញ្ចប់ការហៅទូរស័ព្ទ នាងដឹងថាភ្ញៀវម្នាក់នោះមិនបានសុំការណាត់ជួបទេ ទើបនាងតេទៅវិញ។
ក្រោយពីតេទៅវិញជាច្រើនលើក Wong មិនអាចទាក់ទងនារីជាភ្ញៀវបានឡើយ ដោយសារការហៅទូរស័ព្ទត្រូវបានគេចុចបិទ ។ ដោយគិតថាវាគួរឳ្យចម្លែក ទើប Wong បានចូលទៅកាន់គណនីធនាគារតាម App នាងក៏បានរកឃើញថា លុយ ចំនួន RM66,996 (ខ្ទង់ ១៥,០០០ ដុល្លារអាមេរិច) ត្រូវបានផ្ទេរពីគណនីធនាគាររបស់នាងក្នុងអំឡុងពេលហៅទូរស័ព្ទ 10 នាទីជាមួយស្ត្រីម្នាក់នោះ។ ក្នុងអំឡុងពេលនោះ ជនរងគ្រោះមិនបានទទួលការជូនដំណឹង SMS ណាមួយអំពីលេខកូដផ្ទៀងផ្ទាត់ការផ្ទេរប្រាក់ (TAC)”។

ភាពស្លន់ស្លោរបានកើតឡើង ស្ត្រីជាម្តាយរូបនេះ បានទៅប៉ុស្តិ៍ប៉ូលិសភ្លាមៗដើម្បីដាក់ពាក្យបណ្ដឹង និងធ្វើរបាយការណ៍ ហើយបានទូរស័ព្ទទៅធនាគារដើម្បីបញ្ឈប់ប្រតិបត្តិការ។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីដែលពួកគេអាចធ្វើបាននោះទេ ដោយសារការផ្ទេរបានឆ្លងកាត់រួចហើយ។
យោងតាមកំណត់ត្រាផ្ទេរប្រាក់ មានការផ្ទេរចំនួន 6 ដងគឺតាមរយៈ FPX ចំនួន RM23,000 និង RM24,000 ហើយ 4 ដងទៀតតាមរយៈ Duit Now ដែលមួយលើកៗចំនួន RM4,999 ។
បន្ទាប់ពីការស៊ើបអង្កេត ធនាគារនិយាយថា ការផ្ទេរប្រាក់ត្រូវបានអនុវត្តតាមនីតិវិធីស្តង់ដារ ហើយពួកគេបានផ្ញើ TACs ដែលកញ្ញា Wong បាននិយាយថានាងមិនបានទទួល ដូច្នេះវាមិនមែនជាកំហុសរបស់ធនាគារនោះទេ ហើយមិនអាចទទួលសំណងបានដែរ។
បន្ទាប់ពីការសាកសួរមួយចំនួន ធនាគារបាននិយាយថា ថ្មីៗនេះ ពួកគេមានការកើនឡើងនៃបណ្តឹងពាក់ព័ន្ធ និងមានការសង្ស័យថា ទូរស័ព្ទរបស់កញ្ញា Wong ត្រូវបានគេលួចចូល។
នាង Wong បានប្រាប់ថា នាងមិនដែលបង្ហាញព័ត៌មានសំងាត់ផ្ទាល់ខ្លួនរបស់នាងឡើយ ហើយក៏មិនដែលជួបប្រទះនឹងការបោកប្រាស់ផ្សេងទៀតដែរ ការជជែកជាមួយអ្នកដទៃតាមអ៊ីនធឺណិត ការធ្វើការវិនិយោគ ឬទាញយកកម្មវិធីពីប្រភពមិនស្គាល់លើអ៊ិនធឺណែតក៏មិនធ្លាប់មាន។
នាង Wong បាននិយាយថា “ខ្ញុំបានចំណាយពេលកន្លះឆ្នាំដើម្បីសន្សំប្រាក់នេះ ហើយឥឡូវនេះវាអស់ហើយ។ ខ្ញុំត្រូវមើលថែកូនទាំង២នាក់ ដូច្នេះវាពិបាកសម្រាប់ខ្ញុំ»។
ខាងធនាគារបានផ្តល់ប្រាប់ Wong ឱ្យស្វែងរកជំនួយពី Bank Negara លើបញ្ហានេះ ហើយបានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ៕