ថៃ៖ ប៉ូលិសថៃព្រមានអ្នកលេង TikTok របស់ប្រទេសនេះឲ្យបញ្ឈប់ការរាំតាមស៊ីផ្លេឡានធំនៅតាមផ្លូវ ហើយអ្នកបើកបរឡានដឹកទំនិញធំក៏ត្រូវបានគំរាមពិន័យជាប្រាក់រហូតដល់ 500 បាតផងដែរ ប្រសិនបើពួកគេចូលរួមក្នុងសកម្មភាពនោះ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ វីដេអូនៃអ្នកនិយមលេង Tiktok ថៃ បង្កើតវីដេអូរាំតាមដងផ្លូវ តាមចង្វាក់ភ្លេងនៃស៊ីផ្លេរថយន្តធុនធ្ងន់ បានក្លាយជានិន្នាការពេញនិយមនៅលើបណ្ដាញសង្គម TikTok របស់ថៃ។ ក្នុងវីដេអូទាំងនោះឃើញមានមនុស្សរាំតាមដងផ្លូវ គោះដៃ និងលើកម្រាមដៃបី ជាសញ្ញាទៅកាន់អ្នកបើកបររថយន្តដឹកទំនិញដែលកំពុងបើកបរមកក្បែរនោះ។ បន្ទាប់មករថយន្តដឹកទំនិញចូលរួមលេង ដោយចុចស៊ីផ្លេធ្វើជាចង្វាក់ឲ្យអ្នកធ្វើសញ្ញា រាំ។
វីដេអូនេះបានក្លាយជាបញ្ហាប្រឈមសម្រាប់អ្នកលេង TikTok ថៃគ្រប់វ័យ។ កាលពីពេលថ្មីៗនេះ កាមេរ៉ាមុខរបស់រថយន្តមួយគ្រឿង បានបង្ហាញឲ្យឃើញមានក្មេងប្រុសម្នាក់ឈរនៅលើផ្លូវ (មិនមែនចិញ្ចើមផ្លូវ) ព្យាយាមប្រកួតប្រជែងវីដេអូបែបនេះ។
អ្នកនិយមលេងអ៊ីនធឺណិត និងអ្នកបើកបរឡានដឹកទំនិញថៃជាច្រើនបានរីករាយនឹងវីដេអូដែលកំពុងពេញនិយមមួយនេះ ប៉ុន្តែអ្នកខ្លះនិយាយថាសកម្មភាពបែបនេះមានគ្រោះថ្នាក់ ហើយបានអំពាវនាវឱ្យប៉ូលីសជួយបញ្ឈប់ពួកគេ មុនពេលមានសោកនាដកម្មកើតឡើង។
អគ្គស្នងការរងនគរបាលជាតិថៃ និងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ លោក Damrongsak Kittipraphat បានបង្ហើបថា ប៉ូលីសបានទទួលពាក្យបណ្តឹងជាច្រើនលើបញ្ហានេះ។
វីដេអូពី AMARINTV : อมรินทร์ทีวี Channel
លោក Damrongsak បាននិយាយថា សកម្មភាពនេះមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកបើកបរអាចមានការរំខាន បាត់បង់ការគ្រប់គ្រងយានជំនិះ និងបុកមនុស្សបាន ហើយសំលេងរបស់ស៊ីផ្លេរថយន្តធុនធំ ក៏រំខានដល់អ្នកស្រុកដែរ។
លោក Damronsak បានព្រមានថា អ្នកបើកបរឡានដឹកទំនិញនឹងត្រូវពិន័យ ប្រសិនបើរកឃើញថាពួកគេបានបង្កើត ឬចូលរួមនៅក្នុងវីដេអូ។
យោងតាមច្បាប់ដឹកជញ្ជូនផ្លូវគោក មាត្រា១៤ របស់ថៃ អ្នកបើកបរអាចចុចស៊ីផ្លេ ជាពិសេសការចុចស៊ីផ្លេយូរៗម្តងៗបាន លុះត្រាតែមានការចាំបាច់ ឬដើម្បីការពារគ្រោះថ្នាក់តែប៉ុណ្ណោះ។ អ្នកណាដែលមិនគោរពតាមច្បាប់នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ បាត៕ ប្រភព៖ thethaiger