អ្នកដឹកជញ្ជូនភីហ្សារបស់ Domino នៅជប៉ុន ដឹកភីហ្សាឲ្យអតិថិជនដល់កំពូលភ្នំហ្វូជី ជាភ្នំខ្ពស់បំផុតនៅប្រទេសជប៉ុន

0
166
Loading...

ជប៉ុន៖ អ្នកដឹកជញ្ជូនម្នាក់របស់ Domino Pizza នៅប្រទេសជប៉ុនបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីផ្តល់ភីហ្សាដល់អ្នកឡើងភ្នំកំពុងឃ្លាននៅឯកំពូលភ្នំ Fuji ជាភ្នំខ្ពស់បំផុតរបស់ប្រទេសដែលមានកម្ពស់ 3,776 ម៉ែត្រ។

ថ្លៃដឹកជញ្ជូនប្រហែល 27ដុល្លារអាមេរិច ដែលហាក់ដូចជាតិចតួច ដោយសារអ្នកដឹកជញ្ជូនត្រូវចំណាយពេលជិតប្រាំមួយម៉ោងដើម្បីដើរឡើងភ្នំភ្លើង Fuji។ មិនដឹងថា គាត់បានទទួលបានប្រាក់លើកទឹកចិត្តដែលឬអត់ណ៎!

យោងតាមអ្នកប្រើប្រាស់ Twitter គណនី @fatmanairsoft បានបង្ហោះរូបភាពបុរសដឹកជញ្ជូនរបស់ Domino Pizza នៅលើភ្នំជាមួយនឹងចំណងជើងថា “ខ្ញុំបានឡើងភ្នំ Fuji កាលពីម្សិលមិញ ហើយមានមនុស្សម្នាក់បានបញ្ជាទិញភីហ្សា”។

គួរឱ្យភ្ញាក់ផ្អើល ការឆ្លើយតបរបស់ Tweet បង្ហាញថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកដឹកជញ្ជូនជនជាតិជប៉ុនបានធ្វើការដឹកជញ្ជូនទៅកាន់កំពូលភ្នំ។ អ្នកប្រើប្រាស់ Twitter មួយក្រុមបានចូលរួមនៅក្នុងការបញ្ចេញមតិ ដោយបង្ហោះរូបថតបុគ្គលិករបស់ Domino ជាច្រើននាក់ទៀត ហើយមានទាំងអ្នកដឹកជញ្ជូន Uber Eats និងបុរសដឹកជញ្ជូន Demae Can ផងដែរ។

ការបញ្ជាទិញ ការដឹកជញ្ជូនទៅកាន់កំពូលភ្នំ Fuji ហាក់ដូចជាមិនមានអ្វីចម្លែកទេនៅក្នុងប្រទេសជប៉ុន។ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអ្នកឡើងភ្នំស្រេកឃ្លាន បន្ទាប់ពីប្រាំទៅប្រាំពីរម៉ោងនៃការឡើងភ្នំ Yoshida Trail ប៉ុន្តែវាហាក់ដូចជាអយុត្តិធម៌បន្តិចសម្រាប់បុគ្គលិកដឹកជញ្ជូន។

ឆ្ងល់ថាហេតុអ្វីបានជាអ្នកដឹកជញ្ជូនព្រមទទួលធ្វើការងារនេះ? ដោយសារតែប្រាក់ ឬចំណូលចិត្ត ឬការតាំងចិត្តក្នុងការងារក្នុងការផ្តល់សេវាកម្មអតិថិជនដ៏ល្អ ឬគ្រាន់តែចូលចិត្តធ្វើការខាងក្រៅបែបដើរកំសាន្ត?