ការធ្វើដំណើរឆ្លងប្រទេសឬទ្វីប គឺមិនមែនជារឿងថ្មីទេ នៅក្នុងយុគសម័យនៃការធ្វើដំណើរតាមយន្តហោះដែលមានតម្លៃសមរម្យ ប៉ុន្តែស្រមៃមើលថា ការធ្វើដំណើរពីអឺរ៉ុប ទៅកាន់ ប្រទេសចិនដោយជិះសេះវិញ យ៉ាងម៉េចដែរ?
វាជាការពិតសម្រាប់លោក Xu Zhixian អាយុ 32 ឆ្នាំមកពី Heze ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ដែលបានចាប់ផ្តើមការធ្វើដំណើរឆ្លងទ្វីបកាលពីដើមឆ្នាំនេះ ហើយដែលគាត់បានថតវីដេអូបង្ហោះជាប្រចាំ ដើម្បីអ្នកតាមដានរបស់គាត់ នៅលើបណ្តាញសង្គម។

កាលពីថ្ងៃទី 20 ខែកុម្ភៈ លោក Xu ចាប់ផ្តើមចេញដំណើរពី Lalin ក្នុងប្រទេសអេស្ប៉ាញ ហើយពេលនេះគាត់បានទៅដល់ប្រទេសហូឡង់ហើយ ដែលជាការធ្វើដំណើរជាង 2,500 គីឡូម៉ែត្រមកទល់ពេលនេះ។
លោក Xu បានប្រាប់ Ziniu News ថា «ខ្ញុំបានប្រាប់គ្រួសាររបស់ខ្ញុំថាខ្ញុំចង់ជិះសេះទៅប្រទេសចិន ប៉ុន្តែពួកគេមិនជឿខ្ញុំទេ រហូតដល់ខ្ញុំទិញសេះមួយក្បាល ហើយចាប់ផ្តើមធ្វើដំណើរ» ។
លោក Xu បានចំណាយពេល 13 ឆ្នាំ សិក្សា និងធ្វើការនៅក្នុងប្រទេសអ៊ីតាលី និងន័រវែស ហើយបាននិយាយថាគាត់បានទៅលេងស្ទើរតែគ្រប់ប្រទេសនៅអឺរ៉ុប។ គាត់បន្ថែមទៀតថា គំនិតនៃការជិះសេះទៅកាន់ប្រទេសចិនគ្រាន់តែ ស្រាប់តែលេចឡើង ដោយគ្មានហេតុផលច្បាស់លាស់ ខណៈពេលដែលគាត់កំពុងធ្វើដំណើរ។
គាត់បានប្រាប់ថា៖ «នៅពេលមាននរណាម្នាក់សួរខ្ញុំថា ហេតុអ្វី? ខ្ញុំបាននិយាយថាគ្មានហេតុផលទេ។ ខ្ញុំគ្រាន់តែធ្វើវាព្រោះតែខ្ញុំចង់ធ្វើ»។

លោក Xu ធ្លាប់ជិះសេះបានតែម្ដងប៉ុណ្ណោះ ហើយគាត់បានចំណាយពេល៣ខែ ត្រូវបានបង្រៀនពីរបៀបជិះសេះដោយអ្នកលក់សេះ មុនពេលចេញដំណើរឆ្លងទ្វីប។ បញ្ចប់រយៈពេលបីខែ អ្នកទាំងពីរបានក្លាយជា “មិត្តល្អ” ហើយអ្នកលក់បានណែនាំឱ្យ Xu យកសេះឈ្មោលពូជអារ៉ាប៊ីសាអូឌីត អាយុប្៨ឆ្នាំ ដែល Xu ដាក់ឈ្មោះថា Huihui ។
ការធ្វើដំណើរឆ្លងទ្វីបដ៏យឺតរបស់ Xu នៅលើខ្នងសេះ ក៏បានចាប់ផ្តើម ដោយធ្វើដំណើរជាមធ្យមត្រឹមតែ 30គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ដើម្បីសន្សំប្រាក់លើកន្លែងស្នាក់នៅ គាត់បានទិញពូកដែលអាចសប់ខ្យល់បំប៉ោងបាន និងតង់សម្រាប់គេងនៅពេលយប់។ Xu បានប្រាប់ថាគាត់បានចំណាយតិចជាង 600 អឺរ៉ូ (ប្រហែល 600 ដុល្លារអាមេរិក) ក្នុងមួយខែ រួមទាំងការចំណាយលើការថែទាំសេះរបស់គាត់។
«ប្រសិនបើខ្ញុំទៅដើរលេងដោយខ្លួនឯង នឹងត្រូវចំណាយពេល 6ម៉ោង សម្រាប់ចម្ងាយ 30គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ខ្ញុំត្រូវចំណាយពេលពី 10 ទៅ 12ម៉ោង នៅលើខ្នងសេះ ព្រោះវាស៊ីរហូតនៅតាមផ្លូវ» នេះបើតាមសំដីរបស់លោក Xu ។
បញ្ហាមួយទៀតសម្រាប់ Xu ពេលធ្វើដំណើរជាមួយសេះនៅអឺរ៉ុបគឺ Huihui អាចត្រូវបានសេះមួយផ្សេងទៀតល្បួង ហើយគេចខ្លួន។
លោក Xu បានពន្យល់ថា៖ «វាព្យាយាមរត់គេចជាមួយសេះមួយទៀតស្ទើររាល់ថ្ងៃ។ ជាធម្មតា វាស្ទាក់ស្ទើរក្នុងការបន្តទៅមុខ ប៉ុន្តែរាល់ពេលដែលវាជួបសេះមួយទៀត ខ្ញុំមិនអាចរារាំងវាមិនឱ្យរត់ទៅរកសេះគ្នាវាបាននោះទេ ទោះបីជាខ្ញុំទាញខ្សែយ៉ាងណាក៏ដោយ។

Huihui ក៏ខូចណាស់ដែរ វាធ្លាប់ធ្វើឲ្យអីវ៉ាន់របស់ Xu ធ្លាក់ពេញដី ពេលកំពុងរត់តាមសេះមួយទៀត ហើយបានធ្វើឲ្យបែកកុំព្យូទ័រយួរដៃដែលគាត់កាន់។
ដោយគិតពីរយៈពេល៦ខែនៃការធ្វើដំណើរ លោក Xu បាននិយាយថា “គ្រោះថ្នាក់ និងស្ថានភាពថ្មីកើតឡើងជារៀងរាល់ថ្ងៃ”។
គោលដៅបន្ទាប់នៃការធ្វើដំណើរ របស់ Xu គឺប្រទេសអាល្លឺម៉ង់ ហើយបន្ទាប់មកគឺប្រទេសអូទ្រីស។ លោក Xu បាននិយាយថា ដំបូងឡើយគាត់មានបំណងបញ្ចប់ការធ្វើដំណើរនេះ(ទៅដល់គោលដៅ)ក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែដោយសាររឿងមិនអាចគ្រប់គ្រងបានជាច្រើនបានកើតឡើងក្នុងកំឡុងពេលធ្វើដំណើរ គាត់លែងហ៊ានធ្វើការប៉ាន់ស្មានទៀតហើយ។
ទោះជាយ៉ាងណាក៏ដោយ លោក Xu បាននិយាយថា គាត់មិនប្រញាប់ទេ ហើយធ្វើតាមគម្រោងបន្តធ្វើដំណើរក្នុងល្បឿន 30 គីឡូម៉ែត្រក្នុងមួយថ្ងៃ៕ ប្រភព៖ South China Morning Post