បុរសចុងក្រោយនៃកុលសម្ព័ន្ធ Amazon ដែលត្រូវបានគេឲ្យឈ្មោះថាជា «មនុស្សឯកោបំផុតក្នុងពិភពលោក» បានស្លាប់នៅប្រទេសប្រេស៊ីល

0
244
Loading...

បុរសដែលរស់នៅក្នុងភាពឯកោអស់រយៈពេល 26ឆ្នាំ គឺជាសមាជិកចុងក្រោយនៃកុលសម្ព័ន្ធមួយនៅក្នុងប្រទេសប្រេស៊ីល។ គាត់ត្រូវបានគេស្គាល់ថាជា “Man of the Hole” ដោយសារតែគាត់បានជីករូងនៅខាងក្នុងខ្ទមរបស់គាត់។

ក្រុមមន្ត្រីបាននិយាយថា បុរសជនជាតិដើមភាគតិចប្រេស៊ីលម្នាក់ដែលគេស្គាល់ថាជា “Man of the Hole” ត្រូវបានគេរកឃើញថាបានស្លាប់ ដែលជាច្រើនទស្សវត្សរ៍មកហើយក្រុមកុលសម្ព័ន្ធរបស់គាត់ទាំងមូលត្រូវបានសម្លាប់ដោយអ្នកចិញ្ចឹមសត្វ និងអ្នករុករករ៉ែខុសច្បាប់។

ដោយបានរស់នៅក្នុងភាពឯកោអស់រយៈពេល 26ឆ្នាំ បុរសដែលឈ្មោះពិត មិនធ្លាប់ត្រូវបានគេស្គាល់ ត្រូវបានគេរកឃើញនៅក្នុងអង្រឹងក្នុងខ្ទមមួយក្នុងទឹកដីជនជាតិដើមភាគតិច Tanaru ក្នុងរដ្ឋ Rondonia ជាប់ព្រំដែនជាមួយប្រទេស Bolivia កាលពីថ្ងៃទី 23 ខែសីហា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់មូលនិធិឥណ្ឌា (FUNAI) ។

ចាប់តាំងពីបាត់បង់មនុស្សគ្រប់គ្នាដែលគាត់បានស្គាល់ បុរសរូបនេះបានបដិសេធរាល់ទំនាក់ទំនងជាមួយពិភពខាងក្រៅ ហើយបានរស់នៅពឹងពាក់ខ្លួនឯងដោយការបរបាញ់ និងការដាំដុះ។ ឈ្មោះហៅក្រៅរបស់គាត់បានមកពីទម្លាប់របស់គាត់ក្នុងការជីករណ្តៅជ្រៅនៅខាងក្នុងខ្ទមដែលគាត់បានសាងសង់ អាចដាក់អន្ទាក់សត្វ ប៉ុន្តែក៏លាក់ខ្លួននៅខាងក្នុងផងដែរ។

គាត់បានរស់នៅក្នុងទឹកដីជនជាតិដើមភាគតិចដែលហ៊ុំព័ទ្ធដោយកសិដ្ឋានចិញ្ចឹមគោដ៏ធំ និងស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីអ្នកជីករ៉ែ និងអ្នកកាប់ឈើខុសច្បាប់នៅក្នុងផ្នែកមួយក្នុងចំណោមផ្នែកដ៏គ្រោះថ្នាក់បំផុតនៃព្រៃអាម៉ាហ្សូនប្រេស៊ីល នេះបើយោងតាម ​​Survival International ។

អាជ្ញាធរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ ឬ​អាយុ​របស់​គាត់​​នោះ​ទេ ប៉ុន្តែអាជ្ញាធរបានប្រាប់​ថា «មិន​មាន​សញ្ញា​នៃ​អំពើ​ហិង្សា ឬ​ការ​ប្រយុទ្ធគ្នានោះទេ»។ ពួកគេ​ក៏​មិន​បាន​រក​ឃើញ​ភស្តុតាង​នៃ​វត្តមាន​របស់​អ្នក​ណា​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ឬ​នៅ​ជុំវិញ​នោះ​ដែរ។

FUNAI ទីភ្នាក់ងាររដ្ឋាភិបាលក្រោមក្រសួងយុត្តិធម៌ ដែលទទួលបន្ទុកកិច្ចការជនជាតិដើមភាគតិចបាននិយាយថា “អ្វីៗទាំងអស់បង្ហាញថាការស្លាប់គឺមកពីបុព្វហេតុធម្មជាតិ” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកសពបុរសនោះត្រូវបានគ្របដោយរោមសត្វ macaw (ប្រភេទសត្វសេកម្យ៉ាង) ដែលធ្វើអោយអ្នកជំនាញម្នាក់សន្និដ្ឋានថាគាត់បានដឹងខ្លួនឯងថា គាត់ជិតស្លាប់ហើយ។

បុរសរូបនេះត្រូវបានគេជឿថា នៅម្នាក់ឯងចាប់តាំងពីសមាជិកដែលនៅសល់នៃកុលសម្ព័ន្ធតូចរបស់គាត់ត្រូវបានសម្លាប់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990 ដោយអ្នកកាប់ឈើខុសច្បាប់ និងអ្នករុករករ៉ែដែលកំពុងកេងប្រវ័ញ្ចតំបន់កុលសម្ព័ន្ធ។

ក្រុមសិទ្ធិមនុស្សបាននិយាយថា កុលសម្ព័ន្ធភាគច្រើនត្រូវបានសម្លាប់ក្នុងទសវត្សរ៍ឆ្នាំ 1970 នៅពេលដែលអ្នកចិញ្ចឹមសត្វបានរើចូលក្នុងតំបន់ កាប់ព្រៃឈើ និងវាយប្រហារអ្នករស់នៅក្នុងតំបន់។

Fiona Watson ប្រធានផ្នែកស៊ើបអង្កេតរបស់ Survival ដែលធ្លាប់បានទៅទស្សនាទឹកដី Tanaru ក្នុងឆ្នាំ 2004 បាននិយាយថា “ជាមួយនឹងការស្លាប់របស់គាត់ ការប្រល័យពូជសាសន៍របស់ជនជាតិដើមភាគតិចនេះបានបញ្ចប់” ។

នាង​បាន​បន្ថែម​ថា៖ «វា​ពិត​ជា​អំពើ​ប្រល័យ​ពូជសាសន៍៖ ការ​លុប​បំបាត់​ដោយ​ចេតនា​នៃ​ប្រជាជន​ទាំង​មូល​ដោយ​អ្នក​ចិញ្ចឹម​សត្វ​ដែល​ស្រេក​ឃ្លាន​ដីធ្លី និង​ទ្រព្យ​សម្បត្តិ»។

យោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាល មានជនជាតិដើមភាគតិចប្រហែល 800.000 នាក់ ក្នុងក្រុមផ្សេងគ្នាជាង 300 រស់នៅក្នុងប្រទេសប្រេស៊ីល ដែលជាប្រទេសមានចំនួនប្រជាជនជាង 212 លាននាក់។

ជាងពាក់កណ្តាលរស់នៅក្នុងអាម៉ាហ្សូន ហើយភាគច្រើននៃអ្នកទាំងនោះស្ថិតនៅក្រោមការគំរាមកំហែងពីការកេងប្រវ័ញ្ចខុសច្បាប់នៃធនធានធម្មជាតិដែលពួកគេពឹងផ្អែកលើ សម្រាប់ការរស់នៅរបស់ពួកគេ។

ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្តាំ​និយម​ប្រេស៊ីលលោក Jair Bolsonaro ធ្វើឲ្យការ​កាប់​បំផ្លាញ​ព្រៃឈើ Amazon បាន​ឈាន​ដល់​កម្រិតគួរឲ្យកត់សំគាល់នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ 2022។ គាត់ បានលើកទឹកចិត្តដល់សកម្មភាពរុករករ៉ែ និងកសិកម្មនៅក្នុងតំបន់ការពារ ដែលបង្កឱ្យមានកំហឹងក្នុងចំណោមអ្នកការពារបរិស្ថាន។

លោក​ Bolsonaro មើលងាយចំពោះជនជាតិដើមភាគតិច មុន​នឹង​ឡើង​កាន់​អំណាច លោក​បាន​ប្តេជ្ញា​ថា​នឹង​មិន​ផ្តល់​ដី​ដល់​កុលសម្ព័ន្ធ​ណាមួយ​ឡើយ៕